កំពង់ឆ្នាំង ៖ អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង លោកជំទាវ កែវ ច័ន្ទមុនី រួមដំណើរជាមួយលោកជំទាវ ឈឹម ស្រីមុំ លោកស្រី ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំងនិងលោកស្រី ឡុញ ពិសា អនុប្រធានមន្ទីរប្រៃសនីយនិងទូរគមនាគមន៍ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ នេះ បានអញ្ជើញចុះជួបផ្ទាល់ជាមួយប្រជាពលរដ្ឋដែលជាចាស់ជរាគ្មានទីពឹងជួបការលំបាកនិងស្រ្តីក្រីក្រ នៅឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
នៅក្នុងជួបសំណេះសំណាលនាពេលនោះ លោកជំទាវ កែវ ច័ន្ទមុនី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយក្រដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកកម្ពុជា និង សម្តេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និង សម្តេចប្រធានរដ្ឋសភា ព្រឹទ្ធសភា ដែលជានិច្ចកាសម្តេចតែងតែបានយកចិត្តទុកដាក់ គិតគូរជានិច្ចចំពោះប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន ។
លោកជំទាវ បានអោយដឹងទៀតថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលនាពេលបច្ចុប្បន្នបានធ្វើអោយប្រទេសជាតិមានសុខ សន្តិភាព មានការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យនៅគ្រប់ទីកន្លែង ចាប់តាំងពីទីក្រុងរហូតដល់ជនបទ ។
លោកជំទាវ បានលើកឡើងទៀតថា បច្ចុប្បន្នដោយសារតែស្ថានភាព នៃការរីករាលដាលនៃជំងឺកូវីដ១៩ នៅលើសកលលោកនិងនៅកម្ពុជាផងដែរនោះ ប្រជាពលរដ្ឋយើងគ្រប់គ្នាត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះជំងឺនេះ ដែលអាចធ្វើអោយយើងអាចស្លាប់បានប្រសិនបើការព្យាបាលមិនបានទាន់ពេលវេលានោះ ។ ដើម្បីបញ្ចៀសបាន យើងទាំងអស់គ្នា ត្រូវរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ ដោយប្រកាន់ខ្ជាប់នូវអនាម័យជាប់ជាប្រចាំ គឺត្រូវ ឧស្សាហ៍លាងសំអាតដៃនឹងអាល់កុល ឬសាប៊ូ ពាក់ម៉ាស់ និង ការដាក់គម្លាតសង្គម ពិសេសនោះគឺអនុវត្តនូវវិធានណែនាំរបស់ក្រសួងសុខាភិបាល ។ ពិសេសគឺយើងត្រូវការពារកុំអោយរលកទី២នៃជំងឺ កូវីដ១៩ រីករាលនៅក្នុងសហគមន៍និង គ្រួសារ ។
អំណោយដែលបានផ្តល់ជូនដល់ប្រជាពលរដ្ឋនាពេលនោះក្នុងមួយគ្រួសារទទួលបានអង្ក២៥គីឡូក្រាម សារុង១ និង ថវិកា៦ម៉ឺនរៀលផងដែរ៕