កំពង់ឆ្នាំង ៖ បុរស២នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ជាមួយនឹងវត្ថុតាងសត្វស្លាបទឹក (សត្វននៀលខ្យង) ចំនួន៥ក្បាល កាលពីព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០នេះ នៅត្រង់ចំណុចទួលអំពិល ក្នុងភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ដែលត្រូវសមត្ថកិច្ចចាប់ខ្លួននេះ ម្នាក់ឈ្មោះ ប៊ុន ស្នា ភេទប្រុស អាយុ២៦ឆ្នាំ និង ម្នាក់ទៀត ឈ្មោះ ប៊ិន ណេត ភេទប្រុស អាយុ២៤ឆ្នាំ ពួកគេមានទីលំនៅក្នុងឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ក្រោយពេលឃាត់ខ្លួនជនសង្ស័យបានឆ្លើយសារភាពថាពួកគេបានដើរទាក់ចាប់សត្វស្លាបទឹកគ្រប់ប្រភេទយកទៅលក់ឲ្យម៉ូយនៅឃុំទឹកហូត ក្នុងស្រុករលាប្អៀរសម្រាប់សត្វននៀលខ្យងមូយក្បាលតម្លៃ២០ ០០០ រៀល ។ បន្ទាប់ពីធ្វើការសួរនាំរួច ជនសង្ស័យទាំង២នាក់ ត្រូវសមត្ថកិច្ចធ្វើការអប់រំណែនាំ ដោយធ្វើកិច្ចសន្យា ដើម្បីបញ្ឈប់ការប្រព្រឹត្តនូវទង្វើដើរទាក់សត្វ និងសម្លាប់សត្វស្លាប ព្រមទាំងសត្វព្រៃផ្សេងៗជាបន្តទៀត ។
ដោយឡែកសត្វននៀលខ្យងចំនួន៥ក្បាល ត្រូវបានប្រគល់ទៅឲ្យខាងជំនាញខណ្ឌរដ្ឋបាលជលផល យកទៅលែងឲ្យមានសេរីភាពឡើងវិញ នៅតំបន់ព្រៃធម្មជាតិ៕











