កំពង់ឆ្នាំង៖ លោកគ្រូអ្នកគ្រូ៣រូប និង វិទ្យាល័យមួយក្នុងខេត្តកំពង់ឆ្នាំង ទទួលបានជ័យលាភីពានរង្វាន់សម្ដេច ហ៊ុន សែន ឆ្នាំសិក្សា២០១៨-២០១៩។ ពិធីប្រគល់ពានរង្វាន់នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា កាលពីរសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០។
ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានបញ្ជាក់ថា ការផ្តល់ពានរង្វាន់នេះ ជាការលើកទឹកចិត្តដែលបានខិតខំប្រឹងប្រែងក្នុងការបំពេញភារកិច្ចការងារយ៉ាងអស់ពីកម្លាំងកាយចិត្ត ដែលការខិតខំប្រឹងប្រែងទាំងនោះចូលរួមចំណែកក្នុងការលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា។

ឯកឧត្តម រដ្ឋមន្រ្តី ក៏បានធ្វើការវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់បុគ្គលិកសិក្សាគ្រូបង្រៀនទាំងអស់នៅខេត្តកំពង់ឆ្នាំងដែលព្យាយាមយកអស់ពីកម្លាំងកាយចិត្តដើម្បីចូលរួមកែខៃគុណភាពអប់រំបានល្អ ។ ជាពិសេសបើគ្មានការទំនាក់ទំនងរវាងគ្រូ និងសិស្សទេនោះ ប្រសិទ្ធភាពនៃការបង្រៀនក៏មិនមានជាលក្ខណៈពេញលេញនោះដែរ។
ជាមួយគ្នានោះ លោក ស៊ឹម ប្រឹម ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ឆ្នាំង ក៏បានបញ្ជាក់ដែរថា តាំងពីឆ្នាំ២០១៤ រហូតមកដល់ឆ្នាំ២០១៩គ្រូបង្រៀននៅខេត្តកំពង់ឆ្នាំងតែងតែបានទទួលចំណាត់ថ្នាក់ជ័យលាភីជាគ្រូបង្រៀនល្អ និង សាលារៀនស្អាត ដោយបានទទួលពានរង្វាន់សម្តេចហ៊ុន សែន ជាបន្តបន្ទាប់ផងដែរ ។ បច្ចុប្បន្នដោយសារស្ថានភាពនៃជំងឺ កូវីដ១៩ មន្ទីរអប់រំយុវជននិងកីឡាខេត្តបានជម្រុញ និងរៀបចំប្រព័ន្ធការងារសិក្សាពីចម្ងាយនៅគ្រប់មូលដ្ឋានសិក្សា បានជាង៦០ភាគរយនៅទូទាំងខេត្ត ។
សូមជម្រាបថា ជ័យលាភីទាំង៤ដែលទទួលពានរង្វាន់សម្តេចតេជោហ៊ុនសែន រួមមាន ពានរង្វាន់គ្រូបង្រៀនល្អ ភាសាខ្មែរថ្នាក់ទី១-៣ ចំណាត់ថ្នាក់លេខ៣ គ្រូបង្រៀនល្អគណិតវិទ្យា ថ្នាក់ទី១-៣ ចំណាត់ថ្នាក់លេខ២ និងពានរង្វាន់សាលារៀនស្អាត ចំណាត់ថ្នាក់លេខ៤ ។ ក្រៅពីផ្តល់ពានរង្វាន់សម្ដេច ហ៊ុន សែនដល់ជ័យលាភីទាំង៤ខាងលើ ឯកឧត្ដម រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក៏បានផ្តល់ប័ណ្ណសរសើរដល់គ្រូបង្រៀនចំនួន៦នាក់ផ្សេងទៀតផងដែរ៕












