ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅអនុវត្តការងារឆ្នាំ ២០២០ របស់រដ្ឋបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ឆ្នាំ២០១៩ បទល្មើសព្រហ្មទណ្ឌបានកើតមានឡើងនៅក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ មានចំនួនជាង ៨០០ករណី មានការថយចុះចំនួនជាង២០០ករណី ស្មើនឹង២០ភាគរយ បើធៀបទៅនឹងឆ្នាំ២០១៨។ ការថយចុះបទល្មើសព្រហ្មទណ្ឌក្នុងឆ្នាំ២០១៩ ដោយសារអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធ មានការយកចិត្ត ទុកដាក់អនុវត្តគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព ដោយរក្សាបាននូវសុខសន្តិសុខសណ្តាប់ ធ្នាប់សាធារណៈល្អប្រសើរ ជូនប្រជាពលរដ្ឋនិងសង្គមជាតិ។
ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានអោយដឹងទៀតថា បទល្មើសព្រហ្មទណ្ឌបានកើតមានឡើងចំនួន ៨៣៨ករណី ខណៈដែលក្នុងឆ្នាំ២០១៨ មានចំនួន ១០៤៦ករណី ពោលគឺថយចុះចំនួន ២០៨ករណី ស្មើនឹង២០ភាគរយ ។ ក្នុងចំណោមបទល្មើសទាំងជាង៨០០ ករណីខាងលើ គណៈបញ្ជាការឯកភាព រាជធានីភ្នំពេញ បង្ក្រាបបានសរុបចំនួន ៧៤៩ករណីស្មើនឹង៨៩,៣៧ភាគរយ ដែលចំនួននេះបង្ហាញ ឲ្យឃើញពីសញ្ញាវិជ្ជមាននៃការថយចុះនូវចំនួនបទល្មើសព្រហ្មទណ្ឌ និងកិច្ចសហប្រតិបត្តិការ បង្ក្រាប បទល្មើសកាន់តែមានប្រសិទ្ធភាព។
សូមជម្រាបថា អង្គសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ និងលើកទិសដៅការងារឆ្នាំថ្មី របស់រដ្ឋបាលរាជធានីភ្នំពេញ នៅប្រព្រឹត្តទៅរយះពេល ២ ថ្ងៃ ពោល នៅថ្ងៃទី២៦ -២៧ ខែកុម្ភៈ។ ប្រសិនបើគ្មានការប្រែប្រួល ពិធីបិទអង្គសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំនេះ នឹងត្រូវធ្វើឡើងក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង ឧបនាយក រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១៧ កុម្ភៈស្អែកនេះ៕












