កំពង់ឆ្នាំង ៖ ក្រុមការងារាជរដ្ឋាភិបាលចុះឃុំពាមឆ្កោក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោក ខេង ផល្លី ប្រធានមន្ទីរមុខងារសាធារណៈនិង លោក ប្រាក់ លៀងហួរ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទខេត្តកំពង់ឆ្នាំង រួមនិងមន្រ្តីជំនាញជាច្រើននាក់ទៀត នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០នេះ បានចុះពិនិត្យទីតាំងចំនួន២កន្លែង ស្ថិតនៅភូមិក្បាលកន្លង់ និង ភូមិភ្លង ដែលប្រជាពលរដ្ឋស្នើសុំ ធ្វើទំនប់ទប់ទឹក និង ជីកប្រឡាយរំដោះទឹក សម្រាប់ធ្វើស្រែប្រាំង ។
លោក ខេង ផល្លី បានអោយដឹងថា តាមការស្នើសុំរបស់ប្រជាពលរដ្ឋនៅភូមិក្បាលកន្លង់ បានធ្វើការស្នើសុំមកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកជលគិរី អោយជួយធ្វើទំនប់ទប់ទឹកសម្រាប់ស្រោចស្រពស្រូវប្រាំងរបស់ពួកគាត់ ដែលជួបការលំបាកដោយខ្វះទឹកជារៀងរាល់ឆ្នាំ ។ ដោយឡែកនៅភូមិភ្លង វិញប្រជាពលរដ្ឋក៏បានស្នើសុំមកក្រុមការងាររាជរដ្ឋាភិបាលអោយជួយធ្វើការកាយ ប្រឡាយរំដោះទឹក ដែលនៅចំណុចនេះ ពេលភ្លៀងមកធ្វើអោយលិចលង់ស្រូវរបស់ពួកគាត់ខូចខាតស្ទើររាល់ឆ្នាំ។
លោក ខេង ផល្លី បានអោយដឹងទៀថា នៅថ្ងៃនេះក្រុមមន្រ្តីជំនាញ ដែលមានមន្ទីរ កសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ និង មន្ទីរធនធានទឹកនិងឧត្តុនិយមខេត្ត រួមនិងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំពាមឆ្កោក បានចុះពិនិត្យមើលទីតាំងដែលប្រជាពលរដ្ឋបានស្នើសុំ ថាតើអាចសង់ទំនប់ទប់ទឹក និង ជីប្រឡាយរំដោះទឹក នៅចំណុចភូមិទាំងពីនេះបានដែរឬអត់ ចៀសវាងប៉ះពាល់ផ្នែកផ្លូវច្បាប់ និង ប៉ះពាល់ដល់ធនធានធម្មជាតិ នៅក្នុងតំបន់ នោះ។ ព្រោះថាការសាងសង់ នៅតំបន់នេះ ត្រូវធ្វើអោយបានប្រាកដជាក់លាក់ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដែលយើងមិនអាចធ្វើទាំងប្រថុយប្រថានបាននោះទេ ។
លោក ខេង ផល្លី បានបន្ថែមថា ក្រោយពីសិក្សាបានច្បាស់លាស់អំពីទីតាំងនេះរួចហើយ ក្រុមការងារាជរដ្ឋាភិបាលនិងមន្រ្តីជំនាញនឹងយកលទ្ធផលនេះទៅពិគ្រោះយោបល់ ជាមួយថ្នាក់ដឹកនាំខេត្ត និង មន្រ្តីជំនាញបច្ចេកទេបន្ថែមទៀត ដើម្បីធានាថា ការអនុវត្តគម្រោងនេះធ្វើឡើងប្រកបដោយតម្លាភាពតាមផ្លូវច្បាប់ធានាបាននូវផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ ។ ស្របតាមយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល ក្នុងការលើកម្ពស់ជីភាពប្រជាពលរដ្ឋអោយកាន់តែប្រសើរឡើងថែមទៀត ៕