កំពង់ឆ្នាំង ៖ គ្រួសារអតីតយុទ្ធជនក្រីក្រមកពីមកពីស្រុករលាប្អៀរ និង ក្រុងកំពង់ឆ្នាំង ចំនួន៨០នាក់បានទទួលអំណោយពីរាជរដ្ឋាភិបាល ក្នុងអំឡុងនៃការរងផលប៉ះពាល់ដោយជំងឺកូវីដ១៩ ។អំណោយទាំងនេះត្រូវបានឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង នាំយកទៅចែកជូនកាលពីព្រឹកថ្ងៃទី១៣ ខែវិច្ឆិកាឆ្នាំ២០២០ នៅមន្ទីរសង្គមកិច្ច អតីតសយុទ្ធនិងយុវនីតិសម្បទាខេត្ត ។
លោកថោង ចំរើន ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទាខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា អតីតយុទ្ធជននៅក្នុងខេត្តកំពង់ឆ្នាំង មានចំនួន៣៦៨០ នាក់ ជាគ្រួសារជនពិការ និវត្តជន ជនបាត់បង់សមត្ថភាពការងារ គ្រួសារពលី គ្រួសារមរណៈ និង សមាជិកសមាគមន៍អតីតយុទ្ធជនទាំងអស់មានចនួន៣៥៤៧នាក់ ។ ហើយក្នុងអំឡុងនៃការទទួលរងផលប៉ះពាល់ដោយជំងឺកូវីដ១៩នេះ ប្រមុខរាជរដ្ឋាភិបាល បានផ្តល់អំណោយជាច្រើនតាមយៈក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសសម្បទារ សម្រាប់ចែកជូនដល់ពលរដ្ឋ និង គ្រួសារអតីតយុទ្ធជនដើម្បីជួយសម្រួលដល់ការលំបាក ។
ឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានប្រសាសន៍ថា ទិវាអតីតយុទ្ធជនកម្ពុជា តែងតែត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំទាំងថ្នាក់ជាតិ និងថ្នាក់ខេត្ត ប៉ុន្តែនៅឆ្នាំនេះដោយសារបញ្ហារីករាលដាលជាសកលនូវជំងឺកូវីដ១៩ ទើបប្រមុខរាជរដ្ឋាភិបាល ចេញសារាចរណែនាំស្តីពីការផ្អាកការប្រារព្ធទិវាអតីតយុទ្ធជនកម្ពុជាលើកទី១៣ ឆ្នាំ២០២នេះ ។
ឯកឧត្តមបានប្រសាន៍បន្តថា ទោះបីជាមានការផ្អាក ការរំលឹកខួបអនុស្សារីយ៍អតីតយុទ្ធជនកម្ពុជាក៏ពិតមែន សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ត្រូវបន្តខិតខំយកចិត្តទុកដាក់គិតគូរដល់ជីវភាពរស់នៅរបស់អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនជាប់ជាប្រចាំ ព្រោះអតីតយុទ្ធជនបានធ្វើពលីកម្មដ៏ធំធេង សម្រាប់សង្គមជាតិទាំងមូល ដោយបានបូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុការពារជាតិមាតុភូមិ និងប្រជាជននៅគ្រប់ដំណាក់កាល ។
ឯកឧត្តមឈួរ ច័ន្ទឌឿន បានប្រសាសន៍ផ្តាំផ្ញើដល់ថ្នាក់ដឹកនាំខេត្ត និង អង្គភាពនានា បន្តតាមដានដ៏តឹងរឹងចំពោះបញ្ហាជំងឺកូវីដ១៩ និងសូមអោយអតីតយុទ្ធជនទាំងអស់បន្តចូលរួមការអនុវត្តវិធានការការពារជំងឺឆ្លងថ្មីកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ឲ្យបានម៉ឺងម៉ាត់បំផុត ធ្វើយ៉ាងណាអោយមូលដ្ឋាននីមួយៗចៀសផុតពីជំងឺកូវីដ១៩ ។
ចំពោះអំណោយដែលត្រូវផ្តល់ជូននាពេលនេះក្នុងមួយគ្រួសារទទូលបានមី០១កេសត្រីខ១០កំប៉ុង ប្រេងឆា០១ដប សាប៊ូដុសខ្លួន០៤ដុំ ក្រម៉ា០១ និង ថវិកា១ម៉ឺនរៀល ៕