ឧត្តមសេនីយ៍ឯក ប្រាក់ សុវណ្ណា មេបញ្ជាការរងកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យលោកវរសេនីយ៍ឯក ជូស៊ែល ជេ ហ្សូនីហ្គា (Josel J. Zuniga ) ចូលជួបសម្តែងការគួរសម និងជម្រាបលា បន្ទាប់ពីរូបលោកបានបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា ។
ក្នុងជំនួបនារសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋានកងទ័ពជើងគោករាជធានីភ្នំពេញ នាឱកាសនោះ លោកវរសេនីយ៍ឯកJosel J. Zuniga ក្នុងនាមក្រសួងការពារជាតិ និងបញ្ជាការដ្ឋានកងទ័ពហ្វីលីពីន បានជម្រាបជូនអំពីកិច្ចការដែលលោកសម្រេចបានក្នុងបេសកកម្មការទូតនៅកម្ពុជាកន្លងមក និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទដែលកន្លងមកបានផ្តល់នូវការគាំទ្រដល់រូបលោក និងសហការីក្នុងការបំពេញបេសកកម្មទទួលបានជោគជ័យនៅកម្ពុជា។
ឯកឧត្តម ប្រាក់ សុវណ្ណា ក្នុងនាមជំនួសមុខជូន ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះបេសកកម្មការទូតរបស់លោកវរសេនីយ៍ឯក Josel J. Zuniga និងសហការីនៅកម្ពុជា ដែលបានធ្វើឱ្យទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ កម្ពុជា-ហ្វីលីពីន មានភាពល្អប្រសើរជាបន្តបន្ទាប់ ជាពិសេសការផ្លាស់ប្ដូរទស្សនកិច្ចប្រតិភូកងទ័ពរវាងប្រទេសទាំងពីរ ដែលទទួលបានលទ្ធផលជាផ្លែផ្កាគួរឲ្យកត់សម្គាល់។
នៅចុងបញ្ចប់នៃជំនួបសម្តែងការគួរសមនេះ ភាគីទាំងពីរក៏បានជូនគ្នាទៅវិញទៅមកនូវវត្ថុអនុស្សាវរីយ៍ ក្នុងស្មារតីរីករាយ និងស្និទ្ធស្នាលយ៉ាងក្រៃលែង៕