ក្រសួង​ព័ត៌មាន​​ប្រគល់​បរិក្ខារ​ “តេជោ DTV” ជូនដល់​គ្រឹះស្ថាន​បណ្ដុះ​បណ្ដាល​គ្រូ​ និង​មន្ទីរ​អប់​រំ យុវជន​ និង​កីឡាខេត្ត-រាជធានី

  • ​ក្រសួងព័ត៌មាន បានប្រគល់បរិក្ខារ “តេជោ DTV” ជូនដល់គ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូ និងមន្ទីរអប់រំ យុវជន និងកីឡា ខេត្ត-រាជធានី តាម​រយៈ​ក្រសួង​អប់រំ យុវជន និងកីឡា ក្នុងការតាមដានកម្មវិធីផ្សាយ សិក្សាពីចម្ងាយ និងការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក។ ការប្រគល់បរិក្ខារ “តេជោ DTV” នេះ ជាចំណែកមួយក្នុងការលើកកម្ពស់សេវាអប់រំ ប្រកបដោយសមធម៌ ជាពិសេសសិស្សានុសិស្សនៅជនបទ អាចទទួលបានការអប់រំ ប្រកបដោយគុណភាព ដូចសិស្សានុសិស្សនៅទីក្រុង។

    ពិធីប្រគល់-ទទួលនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និង​ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន។ ក្នុងឱកាសនោះ ឯកឧត្ដមបណ្ឌិតសភាចារ្យ បានវាយតម្លៃខ្ពស់​ចំពោះកិច្ចសហ​ប្រតិបត្តិការ​រវាង​ក្រសួងទាំងពីរ ដែលនាំមកនូវសមិទ្ធផលរួមដ៏គាប់ប្រសើរ។

    ឯកឧត្ដមរដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ក៏បានថ្លែងអំណរគុណដល់ តេជោឌីធីវី (DTV) ដែលបានផ្សព្វផ្សាយមាតិកាអប់រំលើកញ្ចក់ទូរទស្សន៍ ជួយ​បង្កើន​​ឱកាសសិក្សាដល់សិស្សានុសិស្សកាន់តែច្រើនជាងមុន និងគ្រប់ទីកន្លែង។ ទន្ទឹមនឹងនេះផងដែរ ការផ្សព្វផ្សាយវីដេអូបង្រៀននេះ ក៏ជួយ​ដល់គ្រូបង្រៀនផ្សេងទៀតទទួលបាននូវចំណេះ ជំនាញបន្ថែមលើវិធីសាស្ត្រក្នុងការបង្រៀន។ ឯកឧត្ដម​បានបន្ត​ថា​ជំងឺ​កូវីដ-១៩បាន​បង្កើតជា​បញ្ហា តែ​ក៏បង្កើតនូវកិច្ចសហការដើម្បីប្រែក្លាយបញ្ហាទៅជាការអភិវឌ្ឍជាតិផងដែរ។

     

    ដោយឡែក ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានថ្លែងអំណរគុណដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងអប់រំ ក្នុងការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស ជួយជំរុញ យុវជន និងកុមារបន្តការសិក្សា ទោះក្នុងស្ថានភាពលំបាកនេះ ព្រមទាំងបានកោតសរសើរចំពោះលោកគ្រូ អ្នកគ្រូ ដែលមាន​ទេព​កោសល្យក្នុងការបង្រៀនសិស្សានុសិស្សពីចម្ងាយ។

    សូមជម្រាបថា ការប្រគល់គ្រឿងបរិក្ខារនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ស្តីពីការរៀបចំផលិត និងផ្សព្វផ្សាយកម្មវិធីការសិក្សាពីចម្ងាយ និងការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក ក្នុងគោលដៅលើកកម្ពស់ការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក ខណៈ​ដែលក្រសួងអប់រំ បានផ្អាកការចូលរៀនជាបណ្ដោះអាសន្ន ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រង បង្ការ និង​ទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ នៅកម្ពុជា៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង