ឯកឧត្តម ស៊ុន ចាន់ថុល ចុះពិនិត្យស្ថានីយរថភ្លើងប៉ោយប៉ែត ដើម្បីជំរុញការអនុវត្តដោះស្រាយ​ផល​ប៉ះពាល់ និងត្រៀម​តភ្ជាប់ផ្លូវដែកកម្ពុជា​ជាមួយថៃ

  • ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី០៩ ខែកុម្ភៈ បាន​ដឹក​នាំគណៈ​ប្រតិភូក្រសួង ​និង​មន្ត្រី​ជំនាញ​ក្រោម​ឱវាទ ចុះ​ពិនិត្យ​ស្ថានីយរថភ្លើងប៉ោយប៉ែត ដើម្បីជំរុញការអនុវត្តគោលនយោបាយដោះ​ស្រាយផល​ប៉ះពាល់ និង​ត្រៀម​​រៀបចំ​ការត​ភ្ជាប់​ផ្លូវរថដែកកម្ពុជាជាមួយប្រទេសថៃ ក្នុងគោលបំណងបង្កើនទំហំពាណិជ្ជកម្ម និងសម្រួលដល់ការធ្វើដំណើរ និង​ដឹក​ជញ្ជូន​ឲ្យកាន់​តែមាន​ភាព​ល្អប្រសើរ​។

    គួររំលឹកថា ផ្លូវដែក​ភាគខាង​ជើង​របស់ព្រះរាជាណាចក្រ​​កម្ពុជា ភ្នំពេញ-ប៉ោយប៉ែត ព្រំដែនកម្ពុជា-ថៃ ដែល​មានប្រវែង ៣៨៦​គីឡូម៉ែត្រ ត្រូវ​​បាន​រាជ​រដ្ឋាភិបាលកម្ពុជាស្តារឡើង​វិញរួចរាល់ និងបាន​ដាក់ឱ្យដំណើរការបណ្តោះអាសន្ន​កាលពីចុងឆ្នាំ២០១៨ កន្លងទៅនេះ។

    ការ​តភ្ជាប់​​ផ្លូវដែកកម្ពុជា-ថៃ ពិតជា​នាំ​មកនូវកា​លានុវត្ត​​ភាពថ្មី សម្រាប់​វិស័យ​​ដឹកជញ្ជូន​​តាមផ្លូវ​ដែក ជាម​ធ្យាបាយ​​ដឹកជញ្ជូន​​ទំនិញ​​ដ៏​ស័ក្តិ​​សិទ្ធ មាន​​តម្លៃ​​ថោក សុវត្ថិភាព​​ខ្ពស់ កាត់បន្ថយ​​ការកក​ស្ទះចរាចរណ៍ និង​រួមចំណែក​ក្នុងការ​អភិវឌ្ឍ​ខឿន​​សេដ្ឋកិច្ចជាតិ​​របស់​ប្រទេស​ទាំងពីរ ពិសេស​ត​ភ្ជាប់​​និងអភិវឌ្ឍ​តំបន់​​អាស៊ាន និងមហា​អនុតំបន់​​មេគង្គផង​ដែរ៕

     

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង