តារាហ្វេសប៊ុក អ្នកនាង សៀវម៉ី បាននាំយកថវិកាចំនួន២ពាន់ដុល្លារ ជែលលាងដៃចំនួន១០០ដប Spray បាញ់កំចាត់មេរោគចំនួន១០០ ដប និង អង្ករ២តោន ទៅជូនកាកបាតក្រហមកម្ពុជា ដោយមានលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា តំណាងដ៍ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាតក្រហមកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងទទួលអំណោយនៅទីស្នាក់ការណ្តាលកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០។
អ្នកនាង សៀវម៉ី បានសរសេរបង្ហោះនៅហ្វេកបុកអ្នកនាងថា ការចូលរួមរបស់អ្នកនាង គឺគាំទ្រកាកបាតក្រហមកម្ពុជាក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដើម្បីចែករំលែកជួយបន្តទៅជនរងគ្រោះ ក្រខ្សត់នៅតាមតំបន់នានាក្នុងប្រទេសកម្ពុជា។
អ្នកនាង ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរ ចូលរួមបង្ការទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩ ដោយចូលរួមថែរក្សាអនាម័យ ឲ្យជាប់ជាប្រចាំ។
គួរបញ្ជាក់ថា នេះគឺជាការបរិច្ចាគមួយថ្មីទៀត បន្ទាប់ពីអ្នកនាង ទើបតែបរិច្ចាគជួយសមាគមជនពិការ ឧបត្ថម្ភជួយដល់មន្ត្រីកងកម្លាំងសន្តិសុខដែលឈរជើងក្នុងពេលបិទផ្លូវ និង បរិច្ចាគជួយមណ្ឌលកុមារកំព្រាតាមរយៈព្រះសង្ឃ និង ជួយដល់ទុរគតជនរាប់មិនអស់ ចាប់តាំងពីកូវីតបង្កផលប៉ះពាល់នៅកម្ពុជា។ ទង្វើរបស់អ្នកនាង ក៏ចំពេលដែលអង្គភាពទទួលអំណោយពីអ្នកនាង និងក្រុមអ្នកខ្សត់ខ្សោយ កំពុងខ្វះខាតធ្ងន់ធ្ងរផងដែរ៕