លោក​ជំទាវ ពេជ ចន្ទមុន្នី ប្រ​កាស និងប្រគល់​សេចក្តីសម្រេច​បញ្ចូល​សមាជិក​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្តយុវជន​សម្តេចតេជោ ចំនួនជា​ង​ ៨០០នាក់

  • លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យលោកស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) នៅ​រសៀល​ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២ ប្រកាស និងប្រគល់សេចក្តីសម្រេចបញ្ចូលសមាជិកសមាគមគ្រូពេទ្យស្ម័គ្រចិត្ត​​យុវជន​សម្តេច​តេជោ(TYDA) ចំនួនជាង៨០០ នាក់បន្ថែមទៀត។

    លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានមានប្រសាសន៍ថាសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន​សម្តេចតេជោ(TYDA) គិតត្រឹមឆ្នាំ២០​២២​​​នេះ មានអាយុ ១០ឆ្នាំហើយ និងបានធ្វើសកម្មភាពមនុស្សធម៌ទូទាំងប្រទេស ដែលទទួលបានលទ្ធផលជាក់ស្ដែងគឺព្យាបាល​ប្រជា​​ពលរដ្ឋបានចំនួនជិត៣៥ម៉ឺននាក់ ក្នុងនោះអ្នកជំងឺធ្ងន់ធ្ងរជាង៦ពាន់នាក់ត្រូវបានបញ្ជូនមកព្យាបាលបន្តនៅរាជធានីភ្នំពេញ និងអ្នកជំងឺបេះដូងធ្ងន់ធ្ងរចំនួន៥៨នាក់ត្រូវបានវះកាត់ដោយជោគជ័យក្រោមការឧបត្ថម្ភដ៏ថ្លៃថ្លារបស់សម្តេចតេជោហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

    លោកជំទាវក៏បានបង្ហាញអារម្មណ៍រីករាយនិងមោទនភាពដែលសមាគមគ្រូពេទ្យសមាជិកយុវជនសម្ដេចតេជោបានវិវត្តន៍ខ្លួនមកដល់ពេលនេះ។ហើយបានចូលរួមសកម្មភាពមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋដើម្បីផ្ដល់នូវជីវិតទីពីរ និងស្នាមញញឹមនិងការ​ចូល​រួម​ការលះបង់កម្លាំងកាយចិត្តពេលវេលា ប្រកបដោយកាយវិកាមនុស្សធម៌និងគុណធម៌របស់សមាជិកចំពោះប្រជាពលរដ្ឋ។

    លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគម បានបន្ថែមថាសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន​សម្ដេច​​តេ​ជោ​​(TYDA) គឺជាយន្តការបើកច្រក និងផ្ដល់ឱកាសឱ្យសមាជិកសមាជិកាចូលរួមធ្វើសកម្មភាពមនុស្សធម៌នៅទូទាំងប្រទេស ក្រោម​ការ​​សហការជាមួយដៃគូសហការផ្សេងៗ នឹងមានឱកាសបង្កើតទំនាក់ទំនងល្អចំពោះគ្នាទៅវិញទៅមក។

    លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានថ្លែងអំណរគុណសមាជិកសមាជិកាសមាគមដែលបានលះបង់ពេលវេលា កម្លាំងកាយចិត្ត ប្រើ​ប្រាស់ចំណេះដឹងជំនាញ និងបទពិសោធន៍ជួយពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស និងសូមថ្លែងអំណរ​គុណ​ស​ប្បុ​រ​សជន ដែលបាននិងកំពុងឧបត្ថម្ភសម្ភារៈ បរិក្ខា ក្នុងការផ្ដល់លទ្ធភាព និងទ្រទ្រង់សមាគមឱ្យសមាគមមានលទ្ធភាព​បន្ត​បេស​ក​​​កម្មមនុស្ស​ធម៌បន្ថែមទៀត និងសូមថ្លែងអំណរគុណដៃគូរសហការដែលបានជួយឧបត្ថម្ភគាំទ្រតាមរ​យៈការ​ចូលរួម​ដោយផ្ទាល់ក្នុង​បេស​កកម្មក៏ដូចជាជួយសម្របសម្រួលយកចិត្តទុកដាក់រាល់សកម្មភាពរបស់សមាគម។

    សូមបញ្ជាក់ថា នេះគឺជាលើកទី៦ហើយ ដែលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) បានប្រកាសបញ្ចូលសមាជិក ដែលធ្វើឲ្យចំណូល​សមាជិកសមាគមមកដល់ពេលនេះមានចំនួនជាង៨ពាន់នាក់៕

     

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង