ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បង្ហាញការសោកស្ដាយយ៉ាងខ្លាំង និងក្តីអាណិតអាសូរបំផុតចំពោះមរណភាពសិល្បករកំប្លែង លោក សួន សុខហ៊ីម (ហៅនាយស្មាញ ) ដែលទទួលរងគ្រោះថ្នាក់ចរាចរណ៍នៅល្ងាចថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ នៅលើវិថី៦០ ម៉ែត្រ ស្ថិតក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជាមួយនឹងការសោកស្ដាយ និងអាណិតអាសូរនេះឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានឲ្យក្រុមជំនួយការ យកថវិកាឧបត្ថម្ភមួយចំនួនយកទៅប្រគល់ជូនក្រុមគ្រួសារសពដោយផ្ទាល់ ដើម្បីចូលរួមរៀបចំពិធីបុណ្យ ក៏ដូចជាចូលរំលែកទុក្ខគ្រួសារសព។
ការបាត់បង់នាយស្មាញ គឺជាការបាត់បង់នូវវីរសិល្បករខ្មែរប្រកបដោយគុណធម៌មួយរូប ដែលបានលះបង់អ្វីគ្រប់យ៉ាងដើម្បីបម្រើវិស័យសិល្បៈខ្មែរតាំងពីអតីតកាលមកដល់បច្ចុប្បន្ននេះ។ នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នាយស្មាញក៏មានជំងឺប្រចាំកាយ និងតែងតែទទួលបានការសណ្តោសប្រណីពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផងដែរ ដើម្បីឧបត្ថម្ភដល់ការព្យាបាលជំងឺ។
គួរបញ្ជាក់ថា នាយស្មាញ មានឈ្មោះពិត សួន សុខហ៊ីម ជានាយទាហានថ្នាក់ឧត្តមសេនីយ៍ត្រី នៅកងវរសេនាតូចសិល្បៈចំណុះស្នងការឃោសនា-ព័ត៌មាននៃបញ្ជាការដ្ឋានអង្គរក្ស។ ជាក់ស្តែងនៅក្រោយទទួលបានព័ត៌មានដ៏ក្រៀមក្រំនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ក៏បានចាត់តាំងក្រុមការងារបញ្ជាការដ្ឋានអង្គរក្ស រួមជាមួយគណៈកម្មការបុណ្យ សពថ្នាក់ឧត្តមសេនីយ៍ ពីក្រសួងការពារជាតិ ចុះជួបក្រុមគ្រួសារសពដោយផ្ទាល់ និងជួយរៀបចំពិធីបុណ្យសពឲ្យបានសមរម្យ៕