ដូចការគ្រោងទុក ក្រុមគ្រូពេទ្យជំនាញជំងឺកូវីដ១៩ របស់ប្រទេសចិន បានមកដល់កម្ពុជាហើយ កាលពីនៅវេលាម៉ោងជាង៨ព្រឹកថ្ងៃទី២៣ ខែមីនានេះ តាមរយៈជើងយន្តហោះពិសេស ។ ក្រុមគ្រូពេទ្យដែលមកដល់កម្ពុជានេះ អាចចាត់ទុកថាជាក្រុមគ្រូពេទ្យជំនួយទី១របស់ប្រទេសចិន មកកាន់ប្រទេសអាស៊ាន ខណៈដែលជំងឺកូវីដ១៩ កំពុងរាតត្បាតក្នុងតំបន់ និងទូទាំងសកលលោក ។
ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៃកម្ពុជានិងឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា មានវត្តមានក្នុងពិធីបដិសណ្ឋារកិច្ចនៅព្រលានយន្តហោះនាព្រឹកមិញនេះ។
លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ថា ក្រុមគ្រូពេទ្យដែលមកដល់កម្ពុជានេះ នឹងត្រូវចែករំលែកបទពិសោធន៍ និងបច្ចេកទេសជោគជ័យមួយចំនួនដែលធ្លាប់បានប្រើសម្រាប់ទប់ស្កាត់ការរីករាលដាលវិរុសកូវីដ-១៩ នៅប្រទេសចិននោះ មកដល់មន្ត្រីជំនាញរបស់កម្ពុជា។
ជាមួយគ្នានោះ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៃកម្ពុជា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅនិងដោយស្មោះជូនចំពោះភាគីចិនដែលបានផ្តល់ជំនួយដ៏ពិសេសដែលមានសារៈសំខាន់ចំពោះកិច្ចប្រយុទ្ធប្រឆាំងជម្ងឺវីរុសCOVID-19ដល់កម្ពុជា។
គួរបញ្ជាក់ថា មុនការមកដល់ក្រុមគ្រូពេទ្យជំនាញព្យាបាលជំងឺកូវីដ១៩នេះ ប្រទេសចិន ក៏បានផ្តល់ជំនួយជាថ្នាំសម្រាប់ធ្វើតេស្ដរកវីរុសកូវីដ១៩ អាវពេទ្យសម្រាប់ការពារ ម៉ាសពេទ្យនិងម៉ាសពេទ្យធម្មតា ជូនមកកម្ពុជា ដើម្បីទុកការពារទប់ស្កាត់ការរីករាលដាលវិរុសកូវីដ-១៩ ក្រោយពេលកម្ពុជាចាប់ផ្តើមរកឃើញថាមានអ្នកផ្ទុកវិរុសកូវីដ-១៩ ជាបន្តបន្ទាប់៕