សម្តេច​ក្រឡា​ហោម​ ស ​ខេង​៖ បើ​ផ្កាយ​៣ ​ឬផ្កាយ​៤​និយាយ​ថា​ ប៉ូលីស​ចរាចរណ៍​ស័ក្តិ​​តូច​មិន​អាច​ចាប់​ខ្លួន​បាន​មាន​តែអ្នក​និយាយ​នោះ ​ជាអ្នក​ភ្លី​​ភ្លើ

  • សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថា ​បើអ្នកផ្កាយ៣ ឬផ្កាយ ៤ និយាយ ថាប៉ូលីសចរាចរណ៍ស័ក្តិតូចជាងខ្លួនមិនអាចចាប់ខ្លួន​បាន​ទេ​ មានតែអ្នកនឹងជាមនុស្សភ្លីភ្លើ និងជាពលរដ្ឋធម្មតា។

    ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩និងលើកទិសដៅការងារឆ្នាំ២០២០ របស់រដ្ឋបាលខេត្តព្រៃ​វែង​ ​កាលពីព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ សម្ដេច​ក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា រឿងច្បាប់ចរាចរណ៍ ប៉ូលីស​បាន​ខ្លាច​ប្រជាជន​ណាស់ ប៉ុន្តែបើបូលីសត្រឹមត្រូវ មានវិជ្ជាជីវៈតែម្តងគាត់មិនខ្លាចនោះទេ ព្រោះគាត់ធ្វើតាម​ច្បាប់។

    សម្តេចក្រឡាហោម បានបញ្ជាក់បន្ថែមថា “ថ្ងៃមុនខ្ញុំបាននិយាយថាអុ្នកផ្កាយបី ម្ដេច​ឱ្យត្រឹមពលបាលត្រី ឬពល​បាល​ទោ​ទៅ​ឆែក​​ឆេរម្ដេចត្រឹមត្រូវ។ អ្នកខ្លះនៅយល់អីចឹងទៀត រហូតមកដល់ម៉ោងនឹងហើយ អីចឹងអ្នកផ្កាយ៣ ឬផ្កាយ​៤ភ្លីភ្លើ​ជាង​ប្រជាជន​ទៀត”។

    សម្ដេចក្រឡាហោមបានបន្ដថា ការនិយាយថាអ្នកនេះស័ក្តិតូច មិនអាចទៅផាក​ពិន័យអ្នកផ្កាយ៣ ឬផ្កាយ៤ ឬយោធាបានទេ។ នេះជាការនិយាយមិនត្រូវនោះទេ ព្រោះខុស​ច្បាប់ដែលនិយាយអ្នកទាំងអស់គ្នាមានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់។ មាន​ន័យ​ថា​ច្បាប់​ច​រាចរ ណ៍គេចែងថាយ៉ាងណាយើងគោរពតាមនឹងទៅ ហើយបើមិនគោរពតាមនឹងគឺខុសទាំងអស់។

    សម្ដេចក្រឡាហោមបានបន្ថែមថា មានអ្នកធំខ្លះ ឬផ្កាយ៣ ឬផ្កាយ៤ខ្លះនិយាយបែបនេះ ប៉ុន្តែ​ក៏មានប៉ូលីស​ចរាចរ​ខ្លះ​គ្រាន់​តែ​បើក​កញ្ចក់ឡាន ហុចលុយឱ្យប៉ុណ្ណេះ ក៏មានដែរ តែមិន​ច្រើនទេ។ តែឥឡូវប្រហែលមិនមានទេ ផ្ទុយទៅវិញបើពេលមុនមាន។ សម្ដេចក្រឡា​ហោម​បានបន្ដទៀតថា ថវិកាដែលប៉ូលីសផាកបានត្រូវប្រគល់ឱ្យប៉ូលីស៧០ភាគរយ។

    សម្តេចក្រឡាហោមក៏បានអំពាវនាវដល់ឱ្យមានការគោរពច្បាប់ទាំងអស់គ្នា មិនថាអ្នក​តូច ឬអ្នកធំនោះទេ ទើបអាចកាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ដោយមិនត្រូវតែបន្ទោសប៉ូលីស តែមួយនោះទេ។ អ្នកមិនគោរពច្បាប់គឺជាគំរូអាក្រក់ដល់គេដដៃទៀត ដែលចំណុចនេះធ្វើឱ្យ គេវាយតម្លៃថាប៉ួលីសអន់ ចំណុចនេះអត់បានទេ ត្រូវតែគោរពទាំងអស់គ្នា៕

    ប្រភព៖ AKP

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង