អាជ្ញាធររាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៣ មីនា បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យស្ថានភាពទូទៅផ្សារស្ទឹងមានជ័យ ស្ថិតនៅសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ នៅក្នុងដំណើរដឹកនាំមន្ត្រីជំនាញចុះពិនិត្យស្ថានភាពទូទៅរបស់ផ្សារ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបង្ហាញពីបំណងចង់ជួសជុលផ្សារស្ទឹងមានជ័យឡើងវិញ ដោយសារតែបច្ចុប្បន្នផ្សារមួយនេះ មានសភាពចាស់ទ្រុឌទ្រោម ដែលអាចបង្កឲ្យមានគ្រោះថ្នាក់ដល់ អាជីវករ និងប្រជាពលរដ្ឋដែលចូលទៅទិញឥវ៉ាន់នៅក្នុងផ្សារ។
គួរបញ្ជាក់ថា ផ្សារស្ទឹងមានជ័យ ស្ថិតនៅសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ផ្សារនេះបានសាងសង់ឡើងក្នុងឆ្នាំ១៩៦៤ ដោយធ្វើអំពីឈើប្រក់ក្បឿង។ ប៉ុន្តែមកដល់បច្ចុប្បន្ននេះ តួផ្សារមានលក្ខណៈពុកផុយ ទើបរដ្ឋបាលខណ្ឌមានជ័យ ស្នើសុំមករដ្ឋបាលរាជធានីអោយធ្វើការជួសជុលឡើងវិញ ខ្លាចបង្កអោយមានគ្រោះថ្នាក់ជាយថាហេតុដោយប្រជាពលរដ្ឋ និងអាជីវករ៕