កំពង់ឆ្នាំង ៖ ការប្រកួតកីឡាសិស្សបឋមសិក្សា និង មធ្យមសិក្សានៅទូទាំងខេត្តកំពង់ឆ្នាំង បានចាប់ផ្តើមបើកការប្រកួតហើយ ដែលពិធីបើកការប្រកួតនេះ ប្រារព្ធធ្វើកាលពីរសៀលថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្តម ហេង ពិទូ អភិបាលរងខេត្តកំពង់ឆ្នាំង។
លោក ស៊ឹម ប្រឹម ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ឆ្នាំង បានអោយដឹងថា ការប្រកួតកីឡាសិស្សបឋមសិក្សា និងមធ្យមសិក្សាឆ្នាំ២០១៩ -២០២០នេះ ខេត្តកំពង់ឆ្នាំង នឹងធ្វើការប្រកួតរយះពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ។ ប្រកួតលើវិញ្ញាសា បាល់ទាត់ បាល់បោះ បាល់ទះ អត្តពលកម្ម និងប៉េតង់ ដោយមានកីឡាករ កីឡាការនីចូលរួមប្រកួតចំនួន១៦០០នាក់ ស្រី៨០០នាក់ ក្នុងនោះសិស្សបឋមសិក្សាចំនួន ៧៦៨នាក់ សិស្សមធ្យមសិក្សាចំនួន៨៣២នាក់ ។

នៅក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីបើកការប្រកួតកីឡាសិស្សបឋមសិក្សា និងមធ្យមសិក្សានាពេលនោះ ឯកឧត្តមហេង ពិទូ អភិបាលរងខេត្តកំពង់ឆ្នាំង បានអំពាវនាវដល់សិស្សានុសិស្ស អោយចូលរួមលេងកីឡា ហើយត្រូវចៀសវាងការទៅប្រព្រឹត្តអំពើអបាយមុខផ្សេងៗ ជាពិសេសចៀសអោយឆ្ងាយពីគ្រឿងញៀន។

ឯកឧត្តមអភិបាលរងខេត្តកំពង់ឆ្នាំង បន្ថែមថា ជាការពិតណាស់សកម្មភាពកីឡាគឺបានផ្តល់នូវសារប្រយោជន៍ ចំពោះការកែប្រែឥរិយាបថ លប់បំបាត់អំពើហឹង្សា ដោយបង្ហាញនូវភាពទន់ភ្លន់ បង្កើនគុណភាពផ្នែកសិលធម៌ សុជីវធម៌ អោយបានសមស្របទៅតាមស្មារតីនៃការលើកកម្ពស់កិត្យានុភាពជាតិ នៃកេរ្តិ៍ដំណែលប្រពៃណីវប្បធម៌ អរិយធម៌ អត្តសញ្ញាណជាតិ និងសេចក្តីថ្លៃថ្នូររបស់ជាតិយើង ។















