អ្នកជំនួញដី លោក យ៉ន សេងហាន និងភរិយា ម៉ៃ សុម៉ាលី បានប្រារព្ធខួបអាពាហ៍ពិពាហ៍យ៉ាងឱឡារិក កាលពីយប់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ ។ អ្វីដែលកាន់តែពិសេស ជាងនេះទៅទៀត លោកបានធ្វើអោយស្រទាប់ មហាជនភ្ញាក់ផ្អើល ក្រោយពេលព្រះមហាក្សត្រត្រាស់បង្គាប់ផ្តល់ងារជាឧកញ៉ា ព្រោះតែភាពជាមនុស្សធម៌ជួយដល់សង្គម។
លោក យ៉ន សេងហាន ដែលបច្ចុប្បន្នជាប្រធានក្រុមហ៊ុនអចលនទ្រព្យ«សេងហាន» ជាបុគ្គលម្នាក់ធ្លាប់មានជីវិតលំបាកលំបិន កាលពី១២ឆ្នាំមុន។ លោកបានឆ្លងកាត់ជីវិតជាអ្នកលក់របស់របរ នៅតាមរោងចក្រ ដើម្បីដោះស្រាយកម្រិតជីវភាព។ អ្វីដែលបានកើតឡើងគ្រានោះ លោកក្រោយរៀបការជាមួយ លោកជំទាវមៃ សុម៉ាលី គឺសល់បំណុលរុំខ្លួន ក្លាយជារឿងព្រួយបារម្ភបំផុត ។ ប្រឈមនឹងឧបសគ្គ ដ៏លំបាកបែបនេះ ហើយទើបក្លាយជាការព្យាយាមយកឈ្នះ មិនអាចចុះចាញ់តាមអំណាចនៃភាពក្សត់ខ្សោយបានឡើយ។
យ៉ាងណាមិញ១២ឆ្នាំ ខ្សែជីវិតរបស់លោក បានងើបត្រដែតឡើង ក្លាយជាអ្នកជំនួញមានមុខមាត់ក្នុងសង្គម ។ អ្វីដែលសំខាន់លោកជាគ្រូ បង្គោលដ៏ជំនាញម្នាក់មានការចុះបណ្តុះបណ្តាល ដល់សមាជិករាប់ពាន់នាក់ អោយមានគន្លឹះជោគជ័យលើរបរដីធ្លី និងផ្ទះ។ នាឱកាសរីករាយជួបជុំសមាជិក ជាច្រើនឃើញ មានការជូននូវកាដូ និងបាច់ផ្កាផ្សេងៗ ពីភ្ញៀវកិត្តិយស ព្រមទាំងមានវត្តមានបុគ្គលល្បីៗ ផ្នែកជោគជ័យជំនួញ មួយចំនួន ចូលរួមផ្តល់កម្លាំងចិត្តផងដែរ។