ឯក​ឧត្តម​ ត្រាំ ​អ៊ីវ​តឹក​ អំពាវ​នាវ​ដល់​សិស្សា​នុ​សិស្ស​និងយុវជន​ត្រូវ​ខិត​ខំរៀន​សូត្រ​និង​​ចៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​

  • កំពង់ឆ្នាំង៖ ឯកឧត្តម ​ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រី​ក្រសួង​ប្រៃ​សណីយ៍​និង​ទូរគមនាគមន៍​និង​ជាប្រធាន​ក្រុម​ការងារ​រាជ​រដ្ឋា​ភិបាល​ចុះ
    មូល​​ដ្ឋានស្រុកទឹកផុស​ ​និងស្រុកកំពង់​លែង បាន​​​​អំពាវនាវ​ដល់សិស្សា​នុសិស្ស​និង​យុវជន​ទាំងឡាយ ត្រូវ​ខិត​ខំ​រៀន​សូត្រ​និង​ត្រូវ​ចៀសឲ្យឆ្ងាយពីគ្រឿងញៀន ។ ការ​អំពាវនាវ​បែបនេះរបស់​​ឯកឧត្តមដូចនេះនៅក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​នូវ​អគារ​សិក្សា​មួយ​ខ្នង​​៣បន្ទប់នៅ​សាលាបឋម​សិក្សា​សាន់​ប៉ារាយ​ក្នុងភូមិស្រែ​ព្រិច ឃុំ​អភិ​វឌ្ឍន៍ ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង​។

    ឯកឧត្តម ​បន្តថា ក្មួយៗ​សិស្សានុ​សិស្ស​និងយុវជន​ទាំងអស់​ត្រូវចៀស​ឲ្យ​ឆ្ងាយ​ពីគ្រឿង​ញៀន ​និង​ត្រូវ​ចេះ​ណែ​នាំ​មិត្ត​ភក្តិ​ឲ្យ​បាន​យល់​កាន់​តែច្បាស់បន្ថែម​ទៀត អំពី​គ្រោះថ្នាក់​នៃការប្រើប្រាស់​គ្រឿងញៀន​ ព្រមទាំង​​ចៀស​វាងឲ្យ​បាន​ក្នុង​ការ​ប្រព្រឹត្ត​នូវ​អំពើ​អបាយ​មុខ​ផ្សេងៗ ​។
    ឯកឧត្តម ត្រាំ អ៊ីវតឹក បាន​អំពាវនាវ​ដល់ ​លោកគ្រូ អ្នកគ្រូ ត្រូវរួមគ្នា​បន្តដើរតួនាទីជាបុគ្គលគំរូ ជាឱពុក​ម្តាយ ជា​មគ្គុទេសជា​​អ្នក​ស្រាវ​ជ្រាវ ​ជាទីប្រឹក្សា និង ជាអ្នកនាំមក​នូវគំនិត​ឆ្នៃប្រឌិត​ផងដែរ ។​

    គួរ​បញ្ជាក់​ថា នៅ​ក្នុង​ឆ្នាំ​​សិក្សា​២០១៩​-២០២០​នេះ ស្រុក​ទឹក​ផុស​ មាន​​សាលា​រៀន​ចំនួន​ ៨៨​កន្លែង ក្នុងនោះ​មត្តេយ្យ​សិក្សា​ ៣៧ កន្លែង​ មាន​សិស្ស​សរុប​ចំនួន​ ១៦៣៦នាក់ បឋម​សិក្សា​ ៤១​កន្លែង​ មាន​សិស្ស​សរុប​ចំនួន​ ៨៧៧១​នាក់​ អនុ​វិទ្យាល័យ​ ​៨កន្លែង មាន​សិស្ស​សរុប​ចំនួន ២​២៨៩នាក់ ​និង​វិទ្យាល័យ​២កន្លែង ​មាន​សិស្ស​សរុប​ចំនួន ២៣៧៤​​នាក់​ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង