សម្តេច​តេជោ ហ៊ុន សែន បង្ហាញ​អំពី​សារៈ​សំខាន់​នៃ​ការសាង​សង់​អាងប្រព្រឹត្តិ​កម្មទឹក​កខ្វក់​នៅ​ខេត្តព្រះ​សីហនុ

  • ក្នុងឱកាសអញ្ជើញធ្វើ​ដំណើរទៅ​កាន់ខេត្តព្រះសីហនុ ដើម្បីសម្ពោធដាក់ឲ្យប្រើប្រាស់​ហេដ្ឋាចរនាសម្ព័ន្ធនានា នៅរសៀល​ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចុះពិនិត្យប្រព័ន្ធរំដោះទឹកកខ្វក់នៅព្រះសីហនុដែល​បានសាងសង់រួច។ ក្នុងឱកាសនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា សម្រាប់ខេត្តព្រះសីហនុ គឺរាជរដ្ឋាភិបាលមានគោលបំណង កែប្រែឲ្យក្លាយជាខេត្តពហុបំណង ដូច្នេះទើបមានការចាំបាច់កសាងហេដ្ឋារចនាសម្ព័ន្ធ រួមមានផ្លូវ និងប្រព័ន្ធរំដោះទឹកកខ្វក់នេះ ជាដើមនេះ។
    សម្តេចតេជោ បានមាន​ប្រសាន៍​បញ្ជាក់ថា បើមិនធ្វើប្រព័ន្ធរំដោះទឹកកខ្វក់ទេ ក៏មិនអាចធ្វើឲ្យខេត្តនេះមានបរិស្ថានល្អដែរ។ សម្រាប់ជំហានដំបូង រាជរដ្ឋាភិបាលបានផ្តល់នូវថវិកាដោយផ្ទាល់ ដែលនិយាយថា ជាបាតដៃខ្មែរសុទ្ធសាធ ទាំងការធ្វើផ្លូវ និងប្រព័ន្ធរំដោះទឹកស្អុយនេះ។ ចំពោះប្រព័ន្ធរំដោះទឹកស្អុកនេះ រាជរដ្ឋាភិបាលបានសាងសង់៣កន្លែង ហើយបច្ចុប្បន្នរួចរាល់ចំនួន២កន្លែងហើយ ខណៈមួយកន្លែងទៀតកំពុងបើកការដ្ឋានសាងសង់ ដែលមានស​មត្ថភា​ព​​ជាង​២ម៉ឺនម៉ែត្រគូប​ក្នុង១ថ្ងៃ។
    សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ថា «បញ្ហាបរិស្ថានក្លាយទៅជាបញ្ហាសំខាន់របស់ជាតិយើង ហើយក៏ជារបស់ពិភពលោកផងដែរ ដូច្នេះទើបយើងត្រូវហ៊ានចំណាយទុន ដើម្បីរក្សានូវបរិស្ថានរួម សម្រាប់ទីក្រុងរបស់យើងនេះ។
    ចំពោះអាងចម្រោះទឹកកខ្វក់នេះ គឺបានបំលែងចាប់តាំងពីទឹកស្អុយ ចម្រោះរហូតដល់អាចចិញ្ចឹមត្រីបាន។ នេះកើតចេញមកពីការខិតខំរបស់យើងទាំងការគិត ទាំងការខិតខំទទួលខុសត្រូវរកប្រាក់ ដើម្បីកសាងសមិទ្ធផលទាំងនេះ ដែលនេះជាមោទនភាពរបស់ជាតិខ្មែរ ដែលយើងខិតខំតស៊ូងើបឡើងពីគំនរផេះផង់ រហូតកសាងទីក្រុងគ្មានមនុស្សរស់នៅ ទៅជាទីក្រុងដ៏ទំនើប។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថាចាប់ពីពេលនេះ «អ្នកមកលេង និងងូតទឹកក្នុងខេត្តព្រះសីហនុរបស់យើង មិនរងនូវហានិភ័យទាក់ទងនឹងការកើតរមាស់ ឬធំក្លិនស្អុយក្នុងសមុទ្រនោះទេ»។
    សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការដែលរាជរដ្ឋាភិបាលខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធទាំងផ្លូវ និងប្រព័ន្ធចម្រោះទឹកកខ្វក់នេះ គឺសម្រាប់មនុស្សបច្ចុប្បន្ន និងក្មេងជំនាន់ក្រោយៗទៀតផងដែរ៕
    ប្រភព៖ ផេកសម្តេចតេជោ ហ៊ុន សែន

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង