កំពង់ឆ្នាំង ៖លោក ឈឹម វុទ្ធា អភិបាលរងខេត្តកំពង់ឆ្នាំងបានថ្លែងថា «អក្ខរកម្មព័ត៌មាន គឺជាខែលការពារដ៏រឹងមាំ ក្នុងការទប់ស្កាត់ឥទ្ធិពលអវិជ្ជមាន នៃព័ត៌មានមិនពិត ដើម្បីរក្សាបាននូវសន្តិសុខ និងសណ្តាប់ធ្នាប់ក្នុងសង្គមជាតិ » ។

លោក អភិបាលរងខេត្តកំពង់ឆ្នាំង បានថ្លែងបញ្ជាក់បែបនេះ នៅក្នុងឱកាសដែលលោកអញ្ជើញចូលរួមក្នុងយុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ »ជំហានទី២ នៅវិទ្យាល័យហ៊ុន សែន រលាប្អៀរ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ។

លោក ឈឹម វុទ្ធា ក៏បានស្នើឱ្យមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង និងអង្គភាពពាក់ព័ន្ធផ្សេងទៀត ត្រូវបន្តពង្រឹងកិច្ចសហការឱ្យបានជិតស្និទ្ធជាយន្តការអន្តរវិស័យ ដើម្បីធ្វើបច្ចុប្បន្នភាព និងផ្តល់ព័ត៌មានពិត ច្បាស់លាស់ និងទាន់ពេលវេលាជូនសាធារណជន ។

ចំពោះអាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ ត្រូវរួមសហការជាមួយស្ថាប័នជំនាញ ក្នុងការផ្សព្វផ្សាយ អប់រំណែនាំប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ឱ្យយល់ដឹងអំពីផលប៉ះពាល់នៃព័ត៌មានប្រឌិត និងជួយការពារសន្តិសុខឌីជីថលក្នុងសហគមន៍ ។ជាមួយនេះអាណាព្យាបាលត្រូវចូលរួមជាមួយសាលារៀន និងអាជ្ញាធរ ក្នុងការតាមដាន និងតម្រង់ទិសកូនចៅក្នុងការប្រើប្រាស់ឧបករណ៍ឌីជីថល ប្រកបដោយប្រយោជន៍ និង សុវត្ថិភាព។

លោក ឈឹម វុទ្ធា អភិបាលរងខេត្តកំពងើឆ្នាំង បានអំពាវនាវទៅកាន់ យុវជន និងសិស្សានុសិស្សឱ្យប្រកាន់ខ្ជាប់នូវស្មារតី « ពលរដ្ឋឌីជីថលគំរូ» ដោយជួយធ្វើជាភ្នែកជាច្រមោះ និងជាកម្លាំងចលករក្នុងការទប់ស្កាត់ព័ត៌មានក្លែងក្លាយ ដើម្បីការពារខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល៕
អត្ថបទ ហឹង ចូច,រូបភាព សន គន្ធនិវឌ្ឍន៍











