កំពង់ឆ្នាំង ៖ នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងព័ត៌មាន ឯកឧត្តម ពេញ យ៉ាត អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងលោកឈឹម វុទ្ធា អភិបាលរងខេត្តកំពង់ឆ្នាំង បានអញ្ជើញទស្សនាសួនសុវត្តិភាពចរាចរណ៍ផ្លូវគោក ស្ថិតក្នុងបរិវេណវិទ្យាល័យក្រុងកំពង់ឆ្នាំង ។

សូមបញ្ជាក់ថា សួនសុវត្តិភាពចរាចរណ៍សិប្បនិម្មិតនេះ គឺជាសួនដំបូងគេនៅក្នុងប្រទេសកម្ពុជា ដែលបានស្ថាបនាឡើង ដោយមានរៀបចំជាហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន បំពាក់ដោយស្លាកសញ្ញា ភ្លើងសញ្ញា គនូសសញ្ញាចរាចរណ៍ សម្រាប់ជាថ្នាលបណ្តុះបណ្តាលច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងការអនុវត្តការប្រើប្រាស់ផ្លូវជាក់ស្តែង ដល់សិស្សានុសិស្ស យុវជន និងកុមារ សំដៅផ្តល់នូវចំណេះដឹង ពីសុវត្តិភាពចរាចរណ៍ ក្នុងការធ្វើដំណើរដោយថ្មើរជើង និងការបើកបរយានយន្តផ្សេងៗ ៕អត្ថបទ ហឹង ចូច,រូបថត សន គន្ធនិវឌ្ឍន៍











