គណៈកម្មាធិការចម្រុះកិច្ចការព្រំដែនទាត់ចោលព័ត៌មានអំពីបង្គោលព្រំដែនលេខ៧៨ដែលត្រូវបានបង្ហោះតាមហ្វេសប៊ុក

  • គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩នេះ បានចេញសេចក្តី ថ្លែងការណ៍ច្រានចោល ព័ត៌មាន បំផ្លើសរបស់ Facebook ឈ្មោះ Sila Chey ដែលបង្កើតចំណុចបង្គោលព្រំដែនលេខ៧៨ ក្លែងក្លាយ លើប្រព័ន្ធ Internet បណ្តាលឱ្យ សាធារណជនមាន ការភាន់ច្រឡំ។

    គណៈកម្មាធិការចម្រុះកិច្ចការព្រំដែនតាមរយៈសេចក្តីថ្លែងការណ៍លេខពិសេស១ បាន ប្រកាស ទាត់ចោលទាំងស្រុងនូវ ការចុះផ្សាយបំផ្លើសតាមរយៈការ Comment របស់គណនី Facebook ឈ្មោះ Sila Chey ដែលបានបង្កើតចំណុច បង្គោល ព្រំដែនក្លែងក្លាយលេខ៧៨ នៅលើប្រព័ន្ធអឺនធឺណែត កាលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ដែលចំណុចបង្គោលព្រំដែន ក្លែងក្លាយ នោះ ខុសគ្នាជាង៥គីឡូម៉ែត្រ ពីបង្គោលព្រំដែនលេខ៧៨ផ្លូវការ»។

    បើតាមគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន * បង្គោលព្រំដែនលេខ៧៨ផ្លូវការ គឺជាប្រភេទ បង្គោលភ្លោះ រួមមានបង្គោល លេខ៧៨(១) បោះនៅត្រើយខាងលិចទន្លេចាម លើទឹកដីកម្ពុជា ក្នុងភូមិសាស្ត្រ ឃុំជាំក្រវៀន ស្រុកមេមត់ខេត្តត្បូងឃ្មុំ និង បង្គោល លេខ៧៨(២) បោះនៅត្រើយខាងកើតទន្លេចាមលើទឹកដីវៀតណាមក្នុងភូមិសាស្ត្រស្រុកឡុកនិញ ខេត្តប៊ិញភឿក។ ខ្សែព្រំដែននៅតំបន់នេះដើរតាមពាក់កណ្តាលទន្លេចាម។ បង្គោលព្រំដែនលេខ៧៨ផ្លូវការនេះ ត្រូវបានបោះតាមផែនទី ផ្លូវ ការដែលប្រទេសទាំងពីរបានអនុម័តទទួលយក។

    បើតាមសេចក្តីថ្លែងការណ៍ដដែល ការបង្កើតចំណុចព្រំដែនលេខ៧៨ក្លែងក្លាយនៅលើប្រព័ន្ធអ៊ុនធើណែត Google Map នេះ បានធ្វើឡើងបន្ទាប់ពីក្រុមជនអគតិមួយចំនួនដែលមាន និន្នាការ ប្រឆាំងបានវាយប្រហារ រាជរដ្ឋាភិបាលថាបានកាត់ដីឱ្យ វៀតណាមក្រោយពេលដែលកម្ពុជា-វៀតណាម បានចុះហត្ថលេខាលើឯកសារព្រំដែនចំនួន២ កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ ២០១៩ កន្លងមករួមមានសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០១៩ និងពិធីសារខណ្ឌសីមា និង បោះបង្គោលព្រំដែនគោករវាង ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយម វៀតណាម។

    ការពិត ចំណុចបង្គោលព្រំដែនផ្លូវការលេខ៧៨មិនបានបោះចូលក្នុងទឹកដីប្រទេស កម្ពុជា ជាង៥គីឡូម៉ែត្រដូចការ Comment និងរូបភាពបង្ហាញទីតាំងបង្គោលក្លែងក្លាយរបស់ Account Facebook Sila Chey នោះឡើយ។

    គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន ក៏បានអំពាវនាវដល់ជនរួមជាតិទាំងក្នុង និងក្រៅប្រទេស កុំជឿលើរាល់ការបង្ហោះ បោកប្រាស់របស់ជនអគតិមួយចំនួន ដែលតែងតែបង្កើតព័ត៌មាន ក្លែងក្លាយក្នុងចេតនាទុច្ចរិត ដើម្បីវាយប្រហារដល់កិច្ចការ ព្រំដែនរបស់រាជរដ្ឋាភិបាល៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង