គម្រោងរថយន្តក្រុងពីម៉ាឡៃ-ប៉ោយប៉ែត ត្រូវបានបើកសម្ពោធហើយនៅថ្ងៃទី ២២ ខែកុម្ភៈ កន្លងទៅនេះ ក្រោមអធិបតីភាព លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានន័យព្រមទាំងដៃគូជំនួញជាច្រើនរូបទៀត។ រថយន្តក្រុងនេះដាក់ដំណើរការជូនប្រជា ពលរដ្ឋជិះ ១៥គ្រឿង ដោយមិនគិតប្រាក់រយៈពេល៣ខែ ហើយបន្ទាប់មកក្រុមហ៊ុន យកត្រឹមតែ២ពាន់រៀលប៉ុណ្ណោះ ខណៈប្រជាពលរដ្ឋជិះម៉ូតូឌុបអស់មិនក្រោម២ម៉ឺនរៀលឡើយក្នុងមនុស្សម្នាក់។ នេះជាកាដូធំមួយ របស់ក្រុមហ៊ុន “ឆាយណាប៉ោយប៉ែតស៊ែតថឺឡាយ ស៊ីធី” មានលោកឧកញ៉ា ឡេង ណាវ៉ាត្រា ជាម្ចាស់ភាគហ៊ុនមួយកំពុងតែវិនិយោគលើទឹកដី ខេត្តបន្ទាយមានជ័យនេះ ធ្វើឲ្យប្រជាពលរដ្ឋក៏ដូចជា អាជ្ញាធរបានសម្ដែងការសប្បាយចិត្តជាខ្លាំងនៅ ពេលខេត្តជាប់ព្រំដែនថៃមួយនេះ មានរថយន្តក្រុង ជាលើកដំបូងគេ។
លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត បន្ទាយមានជ័យ បានថ្លែងថា ខ្សែរថយន្តក្រុងសាធារណៈដែលបានដាក់ឲ្យដំណើរការនេះ ផ្ដល់សេវាដឹកជញ្ជូនទៅមកក្នុងរយៈចម្ងាយ៤០គីឡូម៉ែត្រ រវាងស្រុកម៉ាឡៃ និងក្រុងប៉ោយប៉ែត មានចំនួន១៥គ្រឿង នឹងផ្លាស់គ្នាដឹកជញ្ជូនប្រជាពលរដ្ឋក្នុងរយៈពេល២០នាទីម្ដង ដោយក្នុង១គីឡូម៉ែត មានចំណតមួយ ។ ប្រជាពលរដ្ឋអាចធ្វើដំណើរតាមរថយន្តក្រុងសាធារណៈនេះ ដោយឥតគិតថ្លៃក្នុងរយៈពេល៣ខែដំបូង។ បន្ទាប់ពីនោះ រថយន្តក្រុងសាធារណៈទៅមករវាងស្រុកម៉ាឡៃនិងក្រុងប៉ោយប៉ែតនេះ នឹងចាប់ផ្ដើមគិតថ្លៃ២០០០រៀល ក្នុងអ្នកដំណើរម្នាក់។
លោកអភិបាលខេត្តសង្ឃឹមថា សេវារថយន្តក្រុងសាធារណៈនេះ នឹងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋទូទៅ កាត់បន្ថយចំណាយ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវនៅកម្ពុជា។ លោកបានអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមប្រើប្រាស់សេវារថយន្តក្រុងនេះទាំងអស់គ្នា នៅពេលត្រូវធ្វើដំណើរទៅមករវាងក្រុងប៉ោយប៉ែត និងស្រុកម៉ាឡៃ។ លោកបានសម្ដែងការគាំទ្រ និងកើតសរសើរជាខ្លាំងនៅទឹកចិត្តរបស់ក្រុមហ៊ុន ដែលបានចូលរួមចំណែកជួយឲ្យមានសេវារថយន្តក្រុងបែបនេះ ប្រជាពលរដ្ឋក៏ដូចជា អាជ្ញាធរពិតជាសប្បាយចិត្តខ្លាំងណាស់ ។