ស៊ីម៉ាក់​យក​ចិត្ត​ទុក​ដាក់​ពង្រឹង​សមត្ថភាព​ដល់​មន្ត្រី​លើ​កិច្ច​ការ​បោស​សំអាត​មីន​ដើម្បី​ធានា​ បាន​នូវ​សុវត្ថិ​ភាព​ខ្ពស់​

  • កំពង់ឆ្នាំង ៖ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានថ្លែងឲ្យដឹងថា បច្ចុប្បន្នស៊ីម៉ាកបាននឹងកំពុងយកចិត្តទុកដាក់ពង្រឹងសមត្ថភាពជំនាញ ក្នុងការទទួលខុសត្រូវ លើកិច្ចប្រតិបត្តិការបោសសំអាតមីនដល់មន្ត្រីឲ្យមានសមត្ថភាពខ្ពស់ និងមានភាពច្បាស់លាស់ លើកិច្ចការបោសសំអាតមីន ដើម្បីធានាបាននូវសុវត្តិភាពខ្ពស់ ។

    ឯកឧត្តម ហេង រតនា បានថ្លែងបញ្ជាក់ឲ្យដឹងបែបនេះ នៅក្នុងពិធីបិទវគ្គរំលឹកស្តីពី បច្ចេកទេសបោសសំអាតមីន គោលការណ៍សុវត្តិភាព និងការបញ្ជ្រាបយែនឌ័រក្នុងវិស័យសកម្មភាពមីន កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន ដែលមានទីតាំង ស្ថិតក្នុងខេត្តកំពង់ឆ្នាំង ។

    ឯកឧត្តម បន្តថា វគ្គហ្វឹកហ្វឺននេះ ពិតជាមានសារសំខាន់បំផុតដល់សិក្ខាកាមទាំងអស់ដែលបានសិក្សានូវបទពិសោធន៍ បច្ចេកថ្មីៗបន្ថែមទៀត ក្នុងការបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ប្រកបដោយសុវត្តិភាពខ្ពស់ ក្នុងការបំពេញការងារជាក់ស្តែង ។

    ឯកឧត្តម ហេង រតនា បានមានប្រសាសន៍ បង្ហាញនូវជំនឿយ៉ាងមុតមាំ ចំពោះសិក្ខាកាមទាំងអស់ នឹងមានសមត្ថភាព វិជ្ជាជីវៈ ការទទួលខុសត្រូវ និងវិន័យខ្ពស់ ក្នុងការអនុវត្តបច្ចេកទេសបោសសម្អាតមីន ប្រកបដោយប្រសិទ្ធភាព សំដៅធានាសុវត្តិភាពជូនប្រជាពលរដ្ឋ និងសង្គមជាតិ ដើម្បីរួមចំណែក ក្នុងការអភិវឌ្ឍន័ប្រទេសជាមួយរាជរដ្ឋាភិបាល ។

    សូមបញ្ជាក់ថា វគ្គហ្វឹកហ្វឺននេះ រៀបចំឡើងក្រោមជំនួយថវិកាគាំទ្រ របស់ប្រទេសអាល្លឺម៉ង់ តាមរយៈអង្គការ NPA ប្រចាំកម្ពុជា ។ ដោយផ្តោតជាសំខាន់ លើការលើកកម្ពស់និងបង្កើនសមត្ថភាពបន្ថែមទៀត ដល់មន្រ្តីបុគ្គលិកប្រតិបត្តិការឱ្យមានចំណេះ ជំនាញនិងបទពិសោធន៍កាន់តែខ្ពស់ ក្នុងការអនុវត្តន៍កិច្ចប្រតិបត្តិការនៅទីវាល ឲ្យបានកាន់តែប្រសើរ ព្រមទាំងធានាបាននូវគុណភាព និងសុវត្ថិភាពនៃប្រតិបត្តិការ ដើម្បីរំដោះដីសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងតំបន់ដែលធ្លាប់រងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង