កំពង់ឆ្នាំង ៖កុដព្រះសង្ឃមួយខ្នង នៅវត្តវិហារហ្លួង ស្ថិតក្នុងភូមិអណ្តូងច្រុះ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ត្រូវអគ្គិភ័យឆេះបំផ្លាញទាំងស្រុង កាលពីវេលាម៉ោង៩យប់ថ្ងៃទី១៤ ខែមិនា ឆ្នាំ២០២៥ ។

លោក អៀរ ប៊ុនធឿន ស្នងការរង និងជាអ្នកនាំពាក្យស្នងការដ្ឋាន នគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា កុដព្រះសង្ឃដែលត្រូវអគ្គិភ័យឆេះបំផ្លាញនេះ មានបណ្តោយប្រវែង១២ម៉ែត្រ ទទឹង៩ម៉ែត្រ ធ្វើពីឈើខាងលើ ថ្មក្រោម ប្រក់ស័ង្កសី និងជញ្ជាំងក្តា ។ នៅក្នុងហេតុការណ៍នេះ មានរថយន្តពន្លត់អគ្គិភ័យ ចំនួន៥គ្រឿង របស់ស្នងការដ្ឋាន នគរបាលខេត្ត និងអធិការដ្ឋាន នគរបាលស្រុករលាប្អៀរ បានចេញជួយអន្តរាគមន៍ បាញ់ទឹកពន្លត់ ដោយបានប្រើប្រាស់ទឹកអស់ ចំនួន៥រថយន្ត ទើបភ្លើងរលត់ទាំងស្រុង ។

លោក ស្នងការរង បានឲ្យដឹងថា នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះ បណ្តាលឲ្យឆេះខូចខាតកុដព្រះសង្ឃមួយខ្នងទាំងស្រុង ស្រូវ៣០បេ បញ្ច័យចំនួន ១ ៦០០ ០០០ រៀល និងសម្ភារៈប្រើប្រាស់របស់ព្រះសង្ឃមួយចំ
នួនទៀត ។ ប៉ុន្តែមិនមានគ្រោះថ្នាក់ដល់មនុស្សឡើយ ។

លោក អៀរ ប៊ុនធឿន បញ្ជាក់ថាចំពោះមូលហេតុ បង្ករឲ្យមានគ្រោះអគ្គិភ័យនេះ គឺបណ្តាលមកពីទុស្សេខ្សែភ្លើង ៕