ឆ្នាំនេះ​​ខេត្ត​កំពង់​ឆ្នាំង​ មាន​​ទូក​​ចំនួន​​២៦​ទៅ​​ចូល​រួម​​អុំ​​និង​​ចែវ​​ប្រណាំង​ នៅ​​រាជ​ធានី​​ភ្នំពេញ​​

  • ​កំពង់ឆ្នាំង ៖ឆ្នាំនេះ​ខេត្តកំពង់ឆ្នាំង​មាន​ទូក​ចំនួន​២៦ ទៅ​ចូលរួម​អុំ​ និង​ចែវ​ប្រណាំង នៅក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក​និង​សំពះ​ព្រះ​ខែនៅ​រាជធានី​ភ្នំ​​ពេញ ដែល​នឹង​ប្រ​ព្រឹ​តទៅ នៅ​ថ្ងៃទី​១៤ដល់​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ។

    មុនពេល​ចេញដំណើរ​ទៅកាន់រាជធានីភ្នំពេញ អា​ជ្ញា​ធរ​ខេត្តកំពង់ឆ្នាំង បានរៀបចំ​ធ្វើ​ពិធី​សំណេះសំណាល​ជាមួយ​កីឡា​ករកី ឡា​ការ​នី​ចំណុះ​ទូក ទាំងអស់ នៅ​វត្ត​កំពង់ត្រឡាច​ក្រោម ស្រុក​កំពង់ត្រឡាច នា​ព្រឹក​ថ្ងៃទី​១២ខែវិច្ឆិកា ឆ្នាំ​២០២៤ ។​

    ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ​បានអោយដឹងថា ឆ្នាំនេះ​ខេត្តកំពង់ឆ្នាំង បាន​បញ្ជូន​ទូក​អុំ ទូក​ចែវ ចំនួន​២៦ទូក ឲ្យទៅ​ចូលរួម អុំ​និង​ចែវ​ប្រណាំង​ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ នៅ​ខាងមុខព្រះបរមរាជវាំង រាជធានី​ភ្នំពេញ​ ។ក្នុងនោះទូកចែវបុរសចំនួន១៥ទូក,ទូកចែវនារី១ទូក,ទូកអុំបុរសខ្នាតអន្តរជាតិចំនួន៨ទូក,ទូកអុំបុរសខ្នាតវែងចំនួន១ទូកនិងទូកអុំនារីខ្នាតវែងចំនួន១ទូក ដែល​ទូកទាំង
    នេះមកពី​ក្រុង ស្រុក​ចំនួន​៦ និង​ មាន​កីឡាករ កីឡា​ការ​នី​សរុប​ចំនួន​១ ៥១៦នាក់ ស្រីចំនួន១១៥នាក់។

    ​ឯកឧត្តម អភិបាលខេត្ត ​បានបញ្ជាក់​ទៀតថា ខេត្តកំពង់ឆ្នាំង​ ចាប់ផ្តើម​បញ្ជូន​ទូក​ចែវ ទូក​អុំ ទៅ​ចូលរួមប្រណាំង ​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក ចាប់តាំងពី​ឆ្នាំ​១៩៩១​មកម្ល៉េះ ក្នុងពេល​រាជរដ្ឋាភិបាល កម្ពុជា​បានរៀបចំ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ប​ណ្តែ​ត​ប្រទីប​ជា​លើកដំបូង​មក​ម្លេះ ។ ហើយ រាល់ពេល​ប្រកួត កីឡាករ កីឡាការិនី​ខេត្តកំពង់ឆ្នាំង​ តែងតែ​នាំមក​វិញ​នូវ​ពានរង្វាន់​ជ័យលាភី ជូន​ខេត្ត​ជាច្រើន​ផងដែរ ។

    ​មានប្រសាសន៍​សំណេះសំណាល​ជាមួយ​កីឡាករ កីឡា​ការ​នី​នាពេលនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បាន​បញ្ជាក់ថា ពិធីបុណ្យ​ប្រ​អុំទូក បណ្តែតប្រទីប អកអំបុក និង សំពះ​ព្រះ​ខែ តែង​ត្រូវបាន​រៀបចំ​ឡើងជា​រៀងរាល់ឆ្នាំ ។ ការប្រណាំង​ទូក មាន​រយះពេល​៣​ថ្ងៃ គឺ​ចាប់ពី ថ្ងៃ​១៤,​១៥​កើត ដល់​ថ្ងៃ ១​រោច​ខែ​ក​ក្តិ​ក ហើយ​ពេលយប់ក៏​មានការ​បណ្តែតប្រទីប​ផងដែរ​។

    ការប្រារព្ធ​ពិធីបុណ្យ​នេះ​ឡើង ដើម្បី​រម្លឹក​ដល់​គំរូ​វីរភាព​ដ៏​អង់អាច​ក្លាហាន​របស់​កងទ័ពជើងទឹក​របស់​ខ្មែរ ដែល​បាន​រំដោះទឹកដី​ពី​ខ្មាំងសត្រូវ ។ ពិធីបុណ្យ​អុំទូក​នេះ ក៏បាន​ភ្ជាប់​នឹង​ពិធី​ផ្សេងៗ​ទៀតផង​ដែរ គឺ​ការ​បណ្ដែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ ដែលជា​ការឆ្លុះបញ្ចាំង​ពី​ជំនឿ​សាសនា​យ៉ាង​មុតមាំ​។

    ឯកឧត្តម បណ្ឌិតសភាចារ្យ បាន​ផ្តាំផ្ញើ​ដល់​កីឡាក កីឡា​ការ​នី​ទាំងអស់ ត្រូវខិតខំ​យក​អស់ពី​កម្លាំងកាយ កម្លាំងចិត្ត អនុវត្ត​ឲ្យបាន​ម៉ឺងម៉ាត់ តាម​បទបញ្ជា​របស់​គណកម្មកា​រប​ច្ចេកទេស ដោយ​រក្សាបាន​នូវ​សីលធម៌ គុណធម៌ សុជីវធម៌ ឲ្យសក្តិ​សមជា​កីឡាករ និង ត្រូវ​រក្សា​ទំនាក់ទំនង​ល្អ សាមគ្គីភាព​គ្នា និង​ត្រូវ​ចេះ​ថែទាំ​សុខភាព​ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង