កំពង់ឆ្នាំង ៖ នៅក្នុងរយះពេលមួយឆ្នាំ២០២០ កន្លងទៅនេះកម្លាំងសមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំង ធ្វើការបង្ក្រាបបទល្មើសគ្រឿងញៀន បានចំនួន១៥១ករណី ឃាត់ខ្លួនមនុស្សចំនួន២៦២នាក់។នេះបើតាមការបញ្ជាក់ឲ្យដឹង ពីលោកវរសេនីយ៍ឯកហ៊ុល វាសនា ដែលស្នងការរងទទួលបន្ទុក ផែនប្រឆាំងបទល្មើសគ្រឿងញៀន ។
លោកស្នងការរងបានឲ្យដឹងថា បទល្មើសគ្រឿងញៀន នៅក្នុងខេត្តកំពង់ឆ្នាំង មិនមានជាលក្ខណ:ទ្រង់ទ្រាយធំឡើយ។ ប៉ុន្តសមត្ថមិច្ចក៏មិនប្រងើយកន្តោយដែរដោយបានចុះស្រាវជ្រាវនិងធ្វើការបង្ល្រាបជាបន្តបន្ទាប់ផងដែរ ។
លោកវរសេនីយ៍ឯក ហ៊ុល វាសនា បានឲ្យដឹងថា គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ កម្លាំងនគរបាលខេត្តកំពង់ឆ្នាំង ធ្វើការបង្ក្រាបបទល្មើសគ្រឿងញៀន បានចំនួន១៥១ករណី ឃាត់ខ្លួនមនុស្ស ចំនួន២៦២នាក់ ស្រីចំនួន១៧នាក់ ក្នុងបទល្មើសជួញដូរ រក្សាទុក ផ្តល់ទីតាំង ប្រើប្រាស់មិនរៀងចាល និង បើកបរស្ថិតក្រោមឥទ្ធិពលគ្រឿងញៀន ។
ក្នុងពេលឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ចដកហូតបានថ្នាំញៀនប្រភេទម៉ាកទឹកកកចំនួន៥៣៣កញ្ចប់ ទម្ងន់៨៤១,៦២ក្រាមថ្នាំគ្រាប់ប្រភេទWY ទំងន់៩,៣៤ក្រាមកញ្ឆាក្រៀមចំនួន២កញ្ចប់ ទំងន់២៦,៨៥ក្រាម គ្រាប់កញ្ឆា១កញ្ចប់ទំងន់៤,01ក្រាម ជញ្ជីងថ្លឹងថ្នាំញៀន ចំនួន១២គ្រឿង រួមនឹងវត្ថុតាងមួយចំនួនទៀត ។
លោកស្នងការរង បានឲ្យដឹងទៀតថា ក្រៅពីការបញ្ជូនទៅសាលាដំបូង ដើម្បីចាត់ការតាមផ្លូវច្បាប់នោះ ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជូនអ្នកពាក់ព័ន្ធមួយចំនួនទៀតទៅមជ្ឈមណ្ឌលអប់រំកែប្រែនិងស្តានិតិសប្បទាចំនួន៨នាក់និងបញ្ជូនទៅព្យាបាលបន្សាបផ្តាច់សារធាតុញៀនចំនួន៤៨នាក់ ។
លោកវរសេនីយ៍ឯក ហ៊ុល វាសនា ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង បានកោតសរសើរនិងថ្លែងអំណរគុណចំពោះកងកម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀន និង បម្រើប្រជាពលរដ្ឋ។
ជាមួយគ្នានេះ លោកស្នងការរង បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់អនុវត្តនូវពាក្យស្លោក « ៣កុំ១រាយការណ៍»ដែលមានន័យថា «កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនិង ជួយរាយការណ៍ពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត» ដែលកើតមាននៅមូលដ្ឋានរបស់ខ្លួន ជូនដល់សមត្ថកិច្ចផងដែរ៕






