កំពង់ឆ្នាំង ៖ មន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ឆ្នាំង បានសម្រេចចុះបញ្ជីដីធ្លី ជាលក្ខណៈប្រព័ន្ធ នៅទូទាំងខេត្ត បានជាង ៣៤ម៉ឺនក្បាលដី និងចុះចែកវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋជាម្ចាស់ដី បានជិត៣០ម៉ឺន ក្បាលដីហើយ ។
នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤នេះ មន្ត្រីជំនាញបានបន្តចុះចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចនវត្ថុ ចំនួន១ ៨៣១ ប័ណ្ណទៀត ជូនដល់ប្រជាពលរដ្ឋ នៅក្នុងភូមិក្រាំងស្គារត្បូងឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។
លោក ឈុន សុខកុម្ភៈ អនុប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់និងសុរិយោដី ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា បច្ចុប្បន្នមន្ទីរបានរៀបចំមន្ត្រីជំនាញចំនួន ១០ក្រុម ក្នុងការចុះបញ្ជីដីធ្លី ជាលក្ខណប្រព៏ន្ធ ជូនដល់ប្រជាពលរដ្ឋ នៅទូទាំងខេត្ត ។ គិតមកដល់នឹងខែឧសភា ឆ្នាំ២០២៤នេះ សម្រេចចុះបញ្ជីដីធ្លីជាលក្ខណប្រព័ន្ធ បានជាង៣៤ម៉ឺនក្បាលដី និងបានចែកវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ បានជិត៣០ម៉ឺនក្បាលដីហើយ ។
លោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង នៅក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ នៅភូមិក្រាំងស្គារត្បូង ឃុំក្រាំងស្គារ ស្រុកទឹកផុស នាពេលនោះ បានថ្លែងថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវយុទ្ធសាស្ត្រ
បញ្ជកោណ ដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយបន្តផ្តោតជាសំខាន់លើ “ប្រសិទ្ធភាពសមិទ្ធកម្ម” និងតែងតែគិតគូ គាំទ្រទាំងផ្នែកបច្ចេកទេស និងផ្នែកច្បាប់ក្នុងដំណើរការចុះបញ្ជីដីធ្លីលក្ខណប្រព័ន្ធជូនប្រជាបលរដ្ឋ គ្រប់ភូមិសាស្ត្រខេត្តទូទាំងប្រទេសឱ្យមានភាពកាន់តែល្អប្រសើរឡើងបន្ថែមទៀត សម្រាប់ការផ្តល់បណ្ណកម្មសិទ្ធិជូនដល់បងប្អូនប្រជាពលរដ្ឋជាម្ចាស់ដី និងអ្នកកាន់កាប់ដីទាំងឡាយ ដែលបានបំពេញគ្រប់លក្ខខណ្ឌ និង បទដ្ឋានបច្ចេកទេសស្របតាមច្បាប់ និងបទដ្ឋានគតិយុត្តជាធរមាន ។
លោកអភិបាលរងខេត្ត បានសម្ដែងនូវការកោតសរសើរ និងថ្លែងនូវការអរគុណចំពោះ ប្រជាពលរដ្ឋ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់មន្ទីរជំនាញជាពិសេសមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តដែលជាប្រតិបត្តិករផ្ទាល់ និងអង្គភាពពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹងប្រែងចូលរួមទាំងកម្លាំងកាយចិត្តយ៉ាងមមាញឹក និងមិនខ្លាចពីការនឿយហត់ នៅក្នុងដំណើរការចុះបញ្ជីដីធ្លីលើគ្រប់នីតិវិធី និងគ្រប់ដំណាក់កាល ដើម្បីជម្រុញការងារចេញបណ្ណសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ ៕