ក្រសួង​ព័ត៌​មាន​ សហ​ការ​​ជាមួយ​អង្គ​ការ​ UNESCO ​ចែក​អាវ​កាក់​ជូន​អ្នក​សារ​ព័ត៌មាន​ដែល​ស្ថិត​ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​អនុវត្ត​ផែន​ការ​សកម្មភាព​របស់​អង្គការ​សហ​ប្រជា​ជាតិ​ ដើម្បី​ផ្តល់​សុវត្ថិភាព​ដល់​អ្នក​សារ​ព័ត៌​មាន​អំឡុង​ពេល​នៃ​ការ​អនុវត្ត​វិជ្ជា​ជីវៈ​របស់​ខ្លួន​ នៅ​លើ​ទី​វាល​

  • អាវកាក់ចំនួនជាង ៤០០ ត្រូវបានតំណាងអង្គការយូណេស្កូប្រចាំនៅកម្ពុជា លោក Alam Sardar Umar ប្រគល់ជូនដល់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅ។

    ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា អាវកាក់អ្នកសារព័ត៌មាននេះជាផ្នែកមួយនៃការសម្គាល់អត្តសញ្ញាណអ្នកសារព័ត៌មាននៅតាមទីសាធារណៈ ដែលនឹងធ្វើឱ្យពួកគាត់កាន់តែមានសុវត្ថិភាពក្នុងការចុះយកព័ត៌មាន បង្កើនសុចរឹតភាពក្នុងការប្រមូលព័ត៌មាន និងទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីសមត្ថកិច្ចក្នុងការការពារពួកគាត់ក្នុងពេលចុះយកព័ត៌មានអំឡុងពេលមានប្រឈមមុខដាក់គ្នាជាដើម។ ឯកឧត្តម បានថ្លែងថា សុវត្ថិភាពរបស់អ្នកសារព័ត៌មានក្នុងការចុះយកព័ត៌មាន ជាកិច្ចការសំខាន់ដែលក្រសួងព័ត៌មានយកចិត្តទុកដាក់។

    ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់បន្ថែម៖ «ទន្ទឹមនឹងមានបណ្ណសម្គាល់អត្តសញ្ញាណអ្នកសារព័ត៌មាននៅជាប់ខ្លួនពេលចុះយកព័ត៌មាន អាវកាក់អ្នកកាសែតនេះក៏ជាផ្នែកមួយជួយឱ្យភាគីពាក់ព័ន្ធបានដឹង និងបានឃើញពីវត្តមានអ្នកសារព័ត៌មាននៅលើទីតាំង និងផ្តល់នូវការគាំទ្រផ្សេងៗ»។

    នៅក្នុងអំឡុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក Alam,Sardar Umar តំណាងអង្គការយូណេស្កូប្រចាំនៅកម្ពុជាបានថ្លែងថាអង្គការយូណេស្កូមានការរីករាយចំពោញកិច្ចសហការរបស់ក្រសួងព័ត៌មានក្នុងការគាំទ្រលើ ការអនុវត្តផែនការសកម្មភាពរបស់អង្គការសហប្រជាជាតិ ដើម្បីផ្តល់សុវត្ថិភាពដល់អ្នកសារព័ត៌មានអំឡុងពេលនៃការអនុវត្តវិជ្ជាជីវៈរបស់ខ្លួននៅលើទីវាល។

    ជាមួយគ្នានេះ តំណាងអង្គការយូណេស្កូក៏បានគូសបញ្ជាក់ពីការគាំទ្រចំពោះគំនិតផ្តួចផ្តើមនានា របស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានក្នុងការផ្តល់ការគាំពារនានាដល់អ្នកសារព័ត៌មាន ក្នុង
    នោះរួមមានការរៀបចំឱ្យមានក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានមួយច្បាស់លាស់ និងការបណ្តុះបណ្តាលធនធានមនុស្ស ក៏ដូចជាការផ្សព្វផ្សាយឱ្យអ្នកសារព័ត៌មានដឹងពីក្រមសីលធម៌នៃការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម តាមរយៈការបើកសិក្ខាសាលារួមគ្នារវាងក្រសួងព័ត៌មាន និងអង្គការយូណេស្កូដោយមានការអញ្ជើញចូលរួមពីសមាគមអ្នកសារព័ត៌មាន អ្នកសារព័ត៌មាន និងតំណាងក្រុមហ៊ុនបណ្តាញទំនាក់ទំនងសង្គម។

    ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន នេត្រ ភក្ត្រា បានថ្លែងអំណរគុណដល់អង្គការយូណេស្កូដែលបានផ្តល់អាវកាក់ អ្នកសារព័ត៌មានដល់សមាគមនិងអង្គភាពព័ត៌មាននានាក្នុងប្រទេសកម្ពុជា និងជូនក្រសួងព័ត៌មានដើម្បីចែកចាយបន្តដល់បងប្អូនអ្នកសារព័ត៌មានដែលកំពុងប្រកបអាជីព។ ដោយចំនួនអាវកាក់មានចំនួនកំណត់ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានអំពាវនាវដល់អ្នកសារព័ត៌មានដែលចង់បានអាវកាក់អ្នកសារព័ត៌មាននេះ សូមទំនាក់ទំនង និងចុះឈ្មោះជាមួយអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍នៃក្រសួងព័ត៌មានជាមុន ហើយពិធីចែកអាវកាក់នេះនឹងត្រូវរៀបចំក្នុងពេលឆាប់ៗនេះ។

    ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងថា ករណីមានការស្នើសុំច្រើនលើសចំនួនដែលមាន ឯកឧត្តមរដ្ឋមន្ត្រីនឹងធ្វើកិច្ចការបន្តជាមួយតំណាងអង្គការយូណេស្កូដើម្បីទទួលបានការគាំទ្រផ្តល់អាវកាក់បន្ថែម៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង