កំពង់ឆ្នាំង៖នៅក្នុងឆ្នាំ២០២៣កន្លងទៅនេះ រដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងខេត្តកំពង់ឆ្នាំង សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ចុះបង្ក្រាបបទល្មើសនេសាទ បានចំនួន ១៩៧ ករណី និងឃាត់ខ្លួនជនសង្ស័យចំនួន ១៣នាក់ បញ្ជូនទៅកាន់តុលាការ ។ នេះបើតាមការបញ្ជាក់របស់លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ។

លោក លី ឡា បានឲ្យដឹងថា កម្លាំងជំនាញរដ្ឋបាលជលផល បានសហការជាមួយសហគមន៍នេសាទ អាជ្ញាធរ និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ចុះផ្សព្វផ្សាយច្បាប់ ស្តីពីជលផលដល់ប្រជាពលរដ្ឋ ដើម្បីឲ្យគាត់យល់ និងចូលរួមលប់បំបាត់បទល្មើសនេសាទ នៅតាមមូលដ្ឋាននានា និងបានធ្វើការបង្ក្រាបជាក់ស្តែងផងដែរ ។

លោកនាយខណ្ឌបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៣ កន្លងទៅនេះបង្ក្រាបបទល្មើសបានចំនួន១៩៧ ករណី បំផ្លាញចោល ១៦៧ ករណី ពាក់ព័ន្ធនឹងការប្រើប្រាស់ឧបករណ៍ស្បៃមុង ការដាក់សម្រាស់ និងរបាំងលបដែលមានប្រវែងវែង ។ ពិន័យអន្តរកាល១៨ករណី បានថវិកាចំនួន ៦៥ ២០០ ០០០ រៀលបង់ចូលថវិការដ្ឋ
ពាក់ព័ន្ធនឹងបទល្មើស ការដឹកជញ្ជូនផលិតផលជលផល ដែលគ្មានច្បាប់អនុញ្ញាត្ត ឧបករណ៍ជនរុញដោយកម្លាំងម៉ាស៊ីន និងការជីកកោះកាយដី ក្នុងដែននេសាទ។ ដោយឡែកបទល្មើសពាក់ព័ន្ធនឹងការប្រើប្រាស់ឧបករណ៍ឆក់ ប្រើគ្រឿងចក្រឈូសឆាយព្រៃលិចទឹក បង្ក្រាបបាន ១២ ករណី ឃាត់ខ្លួនជនសង្ស័យ ចំនួន ១៣នាក់ បញ្ជូនទៅតុលាការ ។

ជាមួយគ្នានេះដែរកម្លាំងជំនាញរដ្ឋបាលជលផល បានសហការជាមួយមន្ត្រីអាជ្ញាធរមូលដ្ឋាន ចុះផ្សព្វផ្សាយ និងចលនាប្រជានេសាទឲ្យគាត់យល់ពីច្បាប់ ហើយស្ម័គ្រចិត្តប្រគល់ឧបករណ៍ឆក់ត្រី មកឲ្យមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចបានចំនួន ៥០៩គ្រឿង ក្នុងនោះឧបករណ៍ត្រជាក់ ចំនួនជាង ៤០០គ្រឿង ។

លោក លី ឡា បានបញ្ជាក់ឲ្យដឹងបន្ថែមទៀតថា បទល្មើសនេសាទ នៅក្នុងឆ្នាំ២០២៣ កន្លងទៅនេះ មានការថយចុះច្រើន បើប្រៀបធៀបជាមួយនឹងឆ្នាំមុនៗ ។ ហើយបទល្មើសដែលកើតមានជាទូទៅភាគច្រើនគឺ របាំស្បៃមុង របាំងសាច់អួន និងឧបករណ៍ ជន ដែលរុញដោយកម្លាំងម៉ាស៊ីនតូចៗ តែប៉ុណ្ណោះ ៕











