កំពង់ឆ្នាំង ៖លោកជំទាវកត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្តសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានជម្រុញឲ្យប្រជាពលរដ្ឋដែលគ្រប់អាយុត្រូវទៅធ្វើអត្តសញ្ញាណបណ្ណថ្មី អ្នកដែលហួសសុពលភាព បាត់ឬខូចត្រូវទៅបំពេញបែបបទធ្វើឡើងវិញ សម្រាប់ត្រៀមខ្លួនក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ អាណត្តិទី៧ខាងមុខនេះ ដើម្បីបំពេញកាតាព្វកិច្ច ជាពលរដ្ឋខ្មែរ ។

លោកជំទាវ កិត្តសង្គហបណ្ឌិត ម៉ែន សំអន បានមានប្រសាសន៍ ជម្រុញទៅកាន់ប្រជាពលរដ្ឋបែបនេះ នៅក្នុងឳកាសអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខ ប្រជាពលរដ្ឋចំនួន២០០គ្រួសារ នៅក្នុងឃុំពន្លៃ និងឃុំចកស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៩ខែមិនា ឆ្នាំ២០២៣ ។

លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានក្រើនរំលឹកដល់កងកម្លាំងសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ត្រូវបន្តសហការគ្នាអនុវត្តឲ្យបាន នូវគោលនយោបាយភូមិ ឃុំ មានសុវត្តិភាព របស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ ដោយត្រូវលុបបំបាត់ និងបង្ក្រាបឲ្យអស់រាល់បទល្មើសផ្សេងៗដូចជា ចោរលួច ឆក់ ប្លន់ ល្បែងស៊ីសងគ្រប់ប្រភេទ ធានាបាននូវសន្តិសុខ សុវត្តិភាព ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

នៅក្នុងឳកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានចែកជូនប្រជាពលរដ្ឋចំនួន២០០គ្រួសារ ដោយក្នុង១គ្រួសារទទួលបានអង្ករចំនួន២៥គីឡូក្រាម ,ទឹកត្រី១យួរ ,ទឹកស៊ីអ៊ីវ១យួរ ,សារ៉ុង១ និងថវិកា២០ ០០០ រៀល ៕



