កំពង់ឆ្នាំង ៖សិស្សកម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋាន តាមអុីនធឺណិត( ប៊ីប )រួមជាមួយមាតាបិតា អាណាព្យាបាល និងមន្ត្រីអាជ្ញាធរភូមិ មកពីតាមតំបន់គោលដៅ ជិត២០០នាក់ កាលពីថ្ងៃទី២៨ ខែមករាឆ្នាំ២០២៤ បានមកធ្វើទស្សនកិច្ចសិក្សា នៅក្នុងខេត្តកំពង់ឆ្នាំង ។

លោកសុឹម ប្រឹម ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្តកំពង់ឆ្នាំងបានឲ្យដឹងថាកម្មវិធីទស្សនកិច្ចសិក្សានេះ រៀបចំឡើងដោយក្រសួងអប់រំ យុវជននិងកីឡា ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមការជួយឧត្ថម្ភរបស់អង្គការ UNESCO ។

សិស្សរួមជាមួយមាតាបិតា អាណាព្យាបាលនិងមន្ត្រីអាជ្ញាធរភូមិសរុបចំនួន ១៨៦នាក់ នេះ មកពីតាមតំបន់គោលដៅ នៃខេត្តកំពង់ឆ្នាំងនិងខេត្តពោធិសាត់ នឹងធ្វើទស្សនកិច្ចសិក្សានៅសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ និងនៅតាមរោងចក្រមួយចំនួន ក្នុងខេត្តកំពង់ឆ្នាំង ។

លោក ចឹក លីម អគ្គនាយករង នៃអគ្គនាយកដ្ឋានយុវជន នៃក្រសួងអប់រំ យុវជន និងកីឡាបានថ្លែងដោយគូសបញ្ជាក់ថា កម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋានតាមអុីនធឺណិត( ប៊ីប )គឺជាកម្មវិធីអប់រំមួយ នៃគោលការណ៍អប់រំជាតិ ដើម្បីផ្តល់ឳកាសជូនដល់យុវជន ដែលបាត់បង់ការសិក្សា នៅក្នុងកម្រិតសិក្សាបឋមភូមិ ឲ្យបានបន្តការសិក្សាឡើងវិញ នៅគ្រប់ទីកន្លែង មានលទ្ធភាពទទួលបានការបណ្តុះបណ្តាលជំនាញបច្ចេកទេស វិជ្ជាជីវៈ និងជំនាញ ឲ្យមានសមត្ថភាពក្នុងការចូលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅបានសមរម្យឆ្លើយតបបានតាមការវិវត្តរីកចម្រើន របស់សង្គមជាតិ ៕











