រាជរដ្ឋាភិបាល កំណត់យកថ្ងៃទី២៩ ធ្នូ ជា“ទិវាសន្តិភាពនៅកម្ពុជា”

  • រដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤នេះ បានសម្រេចកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា“ទិវាសន្តិភាពនៅកម្ពុជា” និងកំណត់ជាថ្ងៃបុណ្យជាតិផ្លូវការមួយនៅព្រះរាជាណាចក្រកម្ពុជាផងដែរ។

    ក្នុងអនុក្រឹត្យដែលចុះហត្ថលេខា ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការកំណត់យកថ្ងៃទី២៩ ខែធ្នូ ជា“ទិវាសន្តិភាពនៅកម្ពុជា” គឺដើម្បី ជាការឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជា គឺ ការស្រឡាញ់សន្តិភាព និង ការស្អប់ខ្ពើមសង្គ្រាម។ ជាការរំលឹកដល់ការសម្រេចបាននូវការបញ្ចប់សង្គ្រាមទាំងស្រុង និងការកសាងបាននូវសន្តិភាព និងឯកភាពជាតិពេញលេញ នៅព្រះរាជាណាចក្រកម្ពុជា ដោយនយោបាយឈ្នះ ឈ្នះ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។

    ការកំណត់ទិវាសន្តិភាពនៅកម្ពុជា នេះក៏ជាការរំលឹកដឹងគុណ និងចងចាំជាប់ជានិច្ចនូវគំរូវីរភាពដ៏អង់អាចក្លាហាន និងការធ្វើពលិកម្មគ្រប់បែបយ៉ាងរបស់វីរបុរសស្នេហាជាតិ និងវីរនារីស្នេហាជាតិរបស់កម្ពុជា ដែលបានប្រយុទ្ធ និងតស៊ូ យ៉ាងស្វិតស្វាញនៅគ្រប់សមរភូមិ ទាំងសមរភូមិសង្គ្រាម ទាំងសមរភូមិការទូត ទាំងសមរភូមិ នយោបាយ រហូតសម្រេចបាននូវការបញ្ចប់ជាស្ថាពរនូវសង្គ្រាមនៅកម្ពុជា ហើយសម្រេចបាននូវ ការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងនាំមកជូនជាតិ និងប្រជាជនកម្ពុជានូវសុខសន្តិភាពពេញ ផ្ទៃប្រទេសនៅកម្ពុជា។

    ទិវាជាតិនេះ ក៏ជាការដាស់តឿនក្រើនរំលឹកដល់ប្រជាជនកម្ពុជាគ្រប់ជំនាន់ ទាំងក្នុងពេលបច្ចុប្បន្ន ទាំងក្នុងពេល អនាគត ឱ្យចងចាំជានិច្ចអំពីមហាវិនាសកម្មរបស់ជាតិ និងទុក្ខលំបាកយ៉ាងវេទនារបស់ប្រជាជន កម្ពុជា ព្រមទាំងផលវិបាកនានា ដែលបង្កឡើងដោយសង្គ្រាម និងការបែកបាក់ជាតិ ព្រមទាំងបំផុស ស្មារតីដល់ប្រជាជនកម្ពុជាគ្រប់ជំនាន់ឱ្យស្អប់ខ្ពើមនូវសង្គ្រាម។ ជាការបំផុសស្មារតីដល់ប្រជាជនកម្ពុជាគ្រប់ជំនាន់ ទាំងក្នុងពេលបច្ចុប្បន្ន ទាំងក្នុងពេលអនាគត ឱ្យយល់ដឹងច្បាស់អំពី “គុណតម្លៃនៃសុខសន្តិភាព” ហើយរួមគ្នាលើកកម្ពស់ “វប្បធម៌សន្តិភាព” នៅកម្ពុជា ពិសេស ការចូលរួមការពារ និងថែរក្សាឱ្យបានដាច់ខាតនូវ “សុខសន្តិភាព” ដែលជាអាយុជីវិត របស់ជាតិ និងជាគ្រឹះដ៏មានតម្លៃបំផុតសម្រាប់ការអភិវឌ្ឍប្រទេសជាតិ និងភាពសុខសាន្តរបស់ ប្រជាជនកម្ពុជាប្រកបដោយចីរភាព និងភិយ្យោភាព។

    ជាមួយគ្នានេះ នៅក្នុងអនុក្រឹត្យ ក៏អនុញ្ញាតឲ្យមានការឈប់ សម្រាកសាធារណៈនៅថ្ងៃទិវាសន្តិភាពនៅកម្ពុជានេះ ហើយគ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ សង្គមស៊ីវិល អង្គការអន្តរជាតិ និងវិស័យឯកជន ត្រូវចូលរួម បំផុសស្មារតីប្រជាជនកម្ពុជាឱ្យយល់ដឹងអំពីគុណតម្លៃនៃសន្តិភាព លើកកម្ពស់វប្បធម៌សន្តិភាព និងរួមគ្នាថែរក្សា ការពារសន្តិភាពនៅកម្ពុជាឱ្យបានគង់វង្ស។

    គួរបញ្ជាក់ថា កាលពីថ្ងៃទី២៩ ធ្នូ ឆ្នាំ១៩៩៨ កម្ពុជា បានបិទបញ្ចប់សង្រ្គាមស៊ីវិល និងការឯកភាពជាតិទាំងស្រុងជាប្រវត្តិសាស្ត្រនៅក្នុងប្រទេស ដោយប្រើប្រាស់នយោបាយឈ្នះ-ឈ្នះ ដែលដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ។ រយៈពេល ២៥ឆ្នាំ កន្លងមកនេះ នយោបាយឈ្នះ-ឈ្នះ បានប្រែក្លាយតំបន់អតីតសមរភូមិនានានៅកម្ពុជា ទៅជាតំបន់អភិវឌ្ឍន៍ និងប្រែក្លាយការបែកបាក់ជាតិទៅជាការរួបរួមខ្មែរតែមួយ ធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍលើគ្រប់វិស័យកាន់តែមានភាពរីក ចម្រើន លើកកម្ពស់កម្រិតជីវភាពប្រជាជនកាន់តែប្រសើរឡើង៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង