រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២ មិថុនា នេះ បានជូនដំណឹងដោយអោយបែចិញ្ចឹមត្រី ផ្ទះបណ្ដែតទឹក ផ្ទះទូកតូចៗ និងសំណង់ មិនរៀបរយលើផ្ទៃទន្លេទាំងអស់ ត្រូវរុះរើ ឬចល័តចេញជាបន្ទាន់ ដោយទុករយៈពេលមួយសប្ដាហ៍ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ ការតម្រូវអោយរុះរើ ឬចល័តចេញជាបន្ទាន់នេះ ដោយសារមានជនឱកាសនិយមមួយចំនួនបានលបលួចធ្វើចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះតូចៗ និងសំណង់មិនរៀបរយនៅលើផ្ទៃទន្លេ ហើយកន្លែងខ្លះបានប្រែក្លាយជាកន្លែងស្នាក់នៅដោយខុសច្បាប់ អនាធិបតេយ្យដែលបង្កឱ្យបាត់បង់សណ្តាប់ធ្នាប់ ប៉ះពាល់ដល់ផ្លូវនាវាចរ ប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ី មានចរន្តទឹកហូរ គោករាក់ ពិសេសការប្រើប្រាស់ចំណីសម្រាប់ចិញ្ចឹមត្រី និងការបញ្ចេញកាកសំណល់ ការបន្ទោបង់ពាសវាលពាសកាលក្នុងទន្លេ ធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ជីវៈចម្រុះក្នុងទឹក ខូចគុណភាពទឹក បំពុលបរិស្ថាន និងប៉ះពាល់ដល់សោភ័ណភាពរាជធានីភ្នំពេញ ព្រមទាំងប៉ះពាល់ដល់សុខភាពនៃប្រជាពលរដ្ឋ ដែលបានប្រើប្រាស់ទឹកមិនស្អាតផងដែរ។
រដ្ឋបាលរាជធានីភ្នំពេញ សង្កត់ធ្ងន់ថា ផុតរយៈពេលនេះ រដ្ឋបាលរាជធានីភ្នំពេញនឹងចាត់ វិធានការរដ្ឋបាលដោយពុំទទួលខុសត្រូវរាល់ការខូចខាត ឬការបាត់បង់ណាមួយឡើយ ហើយក្នុងករណីរឹងរូស អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមផ្លូវច្បាប់។
ជាមួយគ្នានោះ រដ្ឋបាលរាជធានីភ្នំពេញ ក៏ស្នើដល់ប្រជាពលរដ្ឋ អោយប្តូរទម្លាប់ពីការចិញ្ចឹមត្រីតាមបែលើផ្ទៃទន្លេ នៅភូមិសាស្ត្ររាជធានីភ្នំពេញមកចិញ្ចឹមត្រីតាមស្រះវិញ។ រដ្ឋបាលរាជធានីភ្នំពេញ ក៏សង្ឃឹមយ៉ាងមុតមាំថា ប្រជាពលរដ្ឋជាម្ចាស់បែចិញ្ចឹមត្រី ម្ចាស់ផ្ទះបណ្តែតទឹក ម្ចាស់ផ្ទះតូចៗ និងម្ចាស់សំណង់មិនរៀបរយនៅលើផ្ទៃទន្លេទាំងអស់នឹងចូលរួមអនុវត្តតាមការជូនដំណឹងនេះ ដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីផលប្រយោជន៍រួមរបស់រាជធានីភ្នំពេញ៕
