កំពង់ឆ្នាំង ៖ មន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣នេះ បានបើកកិច្ចប្រជុំបូកសរុប ចលនាប្រឡងប្រណាំង៣ល្អ ថ្នាក់ខេត្ត របស់យុវជន និងកុមារ « កូនល្អ សិស្សល្អ មិត្តល្អ » ឆ្នាំសិក្សា ២០២២ ២០២៣ ក្រោមអធិបតីភាពលោក ឈឹម វុទ្ធា អភិបាលរង ខេត្តកំពង់ឆ្នាំង ។
លោក សុឹម ប្រឹម ប្រធានមន្ទីរអប់រំយុវជន និងកីឡា ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ចលនាប្រឡងប្រណាំង ៣ល្អ របស់យុវជន និងកុមារកន្លងមក បានធ្វើឲ្យក្មួយៗមានការចាប់អារម្មណ៍ ប្រកបដោយក្តីមោទនភាព និងខិតខំកសាងនូវអំពើល្អ របស់ខ្លួន យកចិត្តទុកដាក់ជួយមិត្តភក្តិ និងគ្រួសារ ព្រមទាំងសង្វាតរៀនសូត្រ ទទួលបានលទ្ធផលល្អជាបន្តបន្ទាប់ ។

លោក ឈឹម វុទ្ធា អភិបាលរង ខេត្តកំពង់ឆ្នាំងបានថ្លែងដោយគូសបញ្ជាក់ថា រាជរដ្ឋាភិបាល បានកំណត់យកការអប់រំ គឺជាមូលដ្ឋានគ្រឹៈដ៏រឹងមាំ ក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស ដើម្បីធានាបាននូវកំណើនសេដ្ឋកិច្ចសង្គម ប្រកបដោយចីរភាព ឆ្ពោះទៅរកការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ។

លោក ឈឹម វុទ្ធា បានថ្លែងបញ្ជាក់ទៀតថា បញ្ហាកុមារ និងយុវជន ក៏ជាបញ្ហាស្នូល ដែលមានចែងយ៉ាងច្បាស់ នៅក្នុងគោលនយោបាយ របស់រាជរដ្ឋាភិបាល និងតែងតែបានយកចិត្តទុកដាក់គិតគូរដោះស្រាយ ដើម្បីធានាឲ្យកុមារនិងយុវជនទាំងអស់ ទទួលបាននូវសិទ្ធិរបស់ខ្លួន គឹសិទ្ធិរសរានមានជីវិត សិទ្ធិក្នុងការអភិវឌ្ឍ សិទ្ធិទទួលការ ការពារ សិទ្ធិក្នុងការចូលរួម និងទទួលបានការអប់រំ ប្រកបដោយសមធម៌ ឈានទៅសម្រេចបាននូវចំណេះដឹង ចំណេះធ្វើ មានសីលធម៌ល្អ និងចេះរួមរស់នៅជាមួយគ្នា ក្នុងស្មារតីសន្តិសហវិជ្ជមាន ៕











