ក្រុម​ការ​ងារ​ឥស្សរ​ជន​ឆ្នើម​ថ្នាក់​ជាតិ​នៃ​សា​ខា​កាក​បាទ​ក្រហម​កម្ពុជា​ ខេត្ត​កំពង់​ឆ្នាំង​ ចុះ​សួរ​សុខ​ទុក្ខ​អ្នក​ផ្ទុក​មេរោគ​អេដស៍​ និង​អ្នក​ជំងឺ​អេដស៍​ ក្នុង​ស្រុក​បរិបូណ៌​

  • កំពង់ឆ្នាំង ៖នាព្រឹកថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ ២០២៣ លោកជំទាវ ប៊ន សុភី អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា បានដឹកនាំឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា គណៈកិត្តិយស គណៈកម្មាធិការ ក្រុមប្រតិបត្តិសាខា អនុសាខា អ្នកស្ម័គ្រចិត្ត យុវជន អញ្ជើញចុះសួរសុខទុក្ខ និង​ចែក​ជូនអំណោយមនុស្សធម៌ដល់ អ្នកផ្ទុកមេរោគអេដស៍ និងអ្នកជំងឺអេដស៍ ចំនួន ១២៥នាក់

    នាឱកាសនោះ លោកជំទាវ ប៊ន សុភី បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍-ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា ដែលកន្លងមក សម្ដេចតែងតែមានសន្តានចិត្តប្រោសប្រណី និងគិតគូរជានិច្ចចំពោះទុក្ខលំបាក និងបានផ្តល់អំណោយមនុស្សធម៌ដល់បងប្អូនប្រជាពលរដ្ឋអ្នករស់នៅជាមួយមេរោគអេដស៍ជាបន្តបន្ទាប់។

    លោកជំទាវក៏បានអាននូវសារអប់រំសុខភាពរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ជូនដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបផងដែរ ដែលមានខ្លឹមសារដូចខាងក្រោម៖
    – ត្រូវប្តេជ្ញាចិត្តចូលរួមទប់ស្កាត់ការរីករាលដាល និងបញ្ចប់ជំងឺអេដស៍នៅឆ្នាំ២០២៥ ដោយប្រកាន់ភ្ជាប់គោលការណ៍សមភាព និងបរិយាបន្ន។
    – ត្រូវនាំគ្នាអនុវត្តវិធីសាស្រ្ត មិត្ត-អប់រំ-មិត្ត ក្នុងការចាកឆ្ងាយពីគ្រឿងញៀន ភាពភ្លឿតភ្លឿនផ្លូវភេទដែលជាហានិភ័យខ្ពស់នៃការឆ្លងមេរោគអេដស៍ / ជំងឺកាមរោគផ្សេងៗ និងត្រូងខិតខំរៀនសូត្រថែរក្សាសុខភាព បរិភោគអាហាររូបត្ថម្ភល្អ ដូចពាក្យចាស់ពោលថា ស្រឡាញ់ខ្លួន ឱ្យស្ងួនចំណី។
    – សូមបង-ប្អូនរួមជាតិ ដែលសង្ស័យថាបានប្រឈមមុខនឹងមេរោគអេដស៍ ត្រូវស្វែងរកសេវាផ្តល់ប្រឹក្សា និងធ្វើតេស្តរកមេរោគអេដស៍ឱ្យបានឆាប់បំផុត ទទួលបានការថែទាំសុខភាព និងត្រូវប្រើថ្នាំប្រឆាំងមេរោគអេដស៍ឱ្យបានត្រឹមត្រូវ ទៀងទាត់ និងជាប់លាប់។
    – សូមស្រ្តីមានផ្ទះពោះទៅពិនិត្យ និងថែទាំផ្ទៃពោះជាមួយឆ្មប ឬយ៉ាងហាចឱ្យបាន ៤ដងមុនសម្រាលកូន និងទទួលយកសេវាទប់ស្កាត់ការចម្លងមេរោគអេដស៍/ស្វាយ និងថ្លើមពីសេវាសុខាភិបាល។
    – សូមបង-ប្អូនរួមជាតិទាំងអស់ចូលរួមលើកទឹកចិត្ត និងមិនត្រូវរើសអើងឬមាក់ងាយអ្នកផ្ទុកមេរោគអេដស៍ និងអ្នកជំងឺអេដស៍ឡើយ។
    – សូមអំពាវនាវដល់ក្រុមបុរសរួមភេទជាមួយបុរស ក្រុមអ្នកបំប្លែងភេទ ក្រុមស្រ្តីបម្រើសេវានៅតាមគ្រឹះស្ថានកំសាន្តសប្បាយមនុស្សពេញវ័យ។ល។ ត្រូវចូលរូមអនុវត្តនូវវិធានការបង្ការការឆ្លងមេរោគអេដស៍ឱ្យបានត្រឹមត្រូវ ដើម្បីសុខភាពផ្ទាល់ខ្លួន និងដើម្បីទប់ស្កាត់ការចម្លងថ្មី និងឈានទៅបញ្ចប់ជំងឺអេដស៍នៅឆ្នាំ២០២៥ ឱ្យបានសម្រេចជោគជ័យ។

    អំណោយមនុស្សធម៌ដែលបានចែកជូនក្នុងនោះមាន ៖ អង្ករ ៣០គីឡូក្រាម, មី ១កេះ, ទឹកត្រី/ទឹកស៊ីអ៊ីវ ១យួរ, ត្រីខ ១០កំប៉ុង, ទឹកផ្លែឈើ/ទឹកក្រូច ១២កំប៉ុង និងថវិកាមួយចំនួនផងដែរ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង