កំពង់ឆ្នាំង ៖ កងកម្លាំង នៃកងពលតូចអន្តរាគមន៍លេខ១ បានធ្វើការហ្វឹកហាត់ លំហាត់សមយុទ្ធជំនាញសង្គ្រោះ គ្រោះមហន្តរាយដោយទឹកជំនន់នៅតាមដងទន្លេ ក្នុងភូមិសាស្ត្រស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

ការធ្វើលំហាត់សមយុទ្ធជំនាញសង្គ្រោះគ្រោះមហន្តរាយដោយទឹកជំនន់ សម្រាប់ឆ្នាំ២០២២ នេះ ធ្វើឡើងនៅព្រឹកថ្ងៃទី៧ សីហា ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និង ជាអនុប្រធានទី១ គណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម ស៊ុនសុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ទោ សូយ ណារិទ្ធ មេបញ្ជាការរងកងពលតូចលេខ៧០ និង ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង។

ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម បានមានប្រសាសន៍ ដោយគូសបញ្ជាក់ថា ការៀបចំធ្វើលំហាត់សមយុទ្ធនាពេលនេះ គឺជាការដាក់ចេញជា វិញ្ញាសា និង ជាការរំលឹកដល់បណ្តាកងប្រតិបត្តិការរុករក និង សង្គ្រោះគ្រោះមហន្តរាយទាំងអស់ត្រូវពង្រឹងសមត្ថភាព ជំនាញ មធ្យោបាយនិងសម្ភារៈរបស់ខ្លួន ដើម្បីឆ្លើយតប ចំពោះ សភាពការណ៍ កើតឡើង ជាយថាហេតុដោយសារបញ្ហាគ្រោះមហន្តរាយទឹកជំនន់ ។

ឯកឧត្តម ទេសរដ្ឋមន្រ្តី បានមានប្រសាសន៍ បន្តថា ជាមួយការត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋពីទឹកជំនន់ គណៈកម្មាធិការជាតិ គ្រប់គ្រោះមហន្តរាយ ក៏បានត្រៀមសម្រាប់ទីទួលសុវត្ថិភាព ដែលសាងសង់រួចរាល់ រួមទាំងតង់ និង អំណោយជាគ្រឿងឧបភោគ បរិភោគ ជូនប្រជាពលរដ្ឋផងដែរ ៕











