កំពង់ឆ្នាំង ៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង រួមដំណើរដោយ លោកជំទាវ តុង ណារី សមាជិកក្រុមប្រឹក្សាខេត្ត និង មន្ត្រីមួយចំនួនទៀត នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣នេះបានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងបានចុះពិនិត្យមើលវឌ្ឍនភាព នៃគម្រោងសាងសង់ផ្លូវកៅស៊ូ និងផ្លូវបេតុង ១ខ្សែ តភ្ជាប់ពីផ្លូវជាតិលេខ៥ ពីភូមិក្បាលថ្នល់ ឆ្ពោះទៅកាន់ភូមិកំពង់ប្រាសាទ ក្នុងឃុំសែប ស្រុកកំពង់ត្រឡាច ។

ផ្លូវនេះមានប្រវែងសរុប ៥ ៧៤៤ម៉ែត្រ ទទឹង៨ម៉ែត្រ ក្នុងនោះប្រវែង ៣ ៣៨០ម៉ែត្រជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ DBST និងប្រវែង ២ ៣៦៤ម៉ែត្រជាផ្លូវបេតុង និងសំណង់សិល្ប ការ្យជាច្រើនកន្លែងរួមមាន លូប្រអប់ លូមូលកាត់ទទឹងផ្លូវ លូមូលកាត់ផ្លូវបំបែក លូរំដោះទឹកអក្សរអ៊ុយ តាមបណ្ដោយផ្លូវ ព្រមទាំងមានបំពាក់ស្លាកសញ្ញាចរាចរណ៍ គំនូសអក្សផ្លូវ និងគំនូសឆ្លងកាត់ជាច្រើនកន្លែងទៀត ។

ផ្លូវមួយខ្សែនេះ ស្ថិតក្រោមក្របខណ្ឌគម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ ហៅកាត់ថា (NRRPCP) ដែលមានក្រសួងអភិវឌ្ឍន៍ជនបទ ជាស្ថាប័នប្រតិបត្តិ គឺជាគម្រោងថ្មីមួយ របស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោជាប្រមុខដឹកនាំ មានលក្ខណៈពិសេសខុសពីគម្រោងផ្សេងៗទៀត ដែលមានលក្ខខណ្ឌតម្រូវឲ្យចាប់ផ្ដើមអនុវត្តបន្ទាន់ ដើម្បីបន្តរក្សានិរន្ដរភាពសេដ្ឋកិច្ចជនបទ ស្ដារជីវភាពរបស់ប្រជាជននៅជនបទ ឲ្យល្អប្រសើរឡើងវិញ បន្ទាប់ពីបាននឹងកំពុងងើបពីវិបត្តិជំងឺកូវីដ-១៩ ។

ផ្លូវមួយខ្សែនេះត្រូវបានឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង អញ្ជើញបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ ។

នៅក្នុងថ្ងៃដដែលនេះដែរ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ លោកជំទាវ តុង ណារី និងក្រុមការងារបានបន្តចុះពិនិត្យវឌ្ឍនភាពសាងសង់ស្ពាន១កន្លែងទៀត នៅចំណុចព្រែកល្វា ស្ថិតក្នុងភូមិកោះថ្កូវ ឃុំកោះថ្កូវ ស្រុកជលគីរី ដែលជាគម្រោងមួយ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ៕
