កំពង់ឆ្នាំង ៖ អង្គការ អេដ អេ អាកស្យុង,Foyer Lataste និងដៃគូនៅក្នុងសម្ព័ន្ធកុមារក្រៅសាលា បានធ្វើយុទ្ធនាការជិះកង់ដើម្បីលើកកម្ពស់ការអប់រំ និងការចុះឈ្មោះចូលរៀន ក្នុងរយៈចម្ងាយ ៤២៥គីឡូម៉ែត្រ ។កម្មវិធីនេះ ចាប់ផ្តើមពីថ្ងៃទី១៣ ដល់ថ្ងៃទី២០ វិច្ឆិកា ដោយធ្វើដំណើរទៅខេត្តគោលដៅចំនួន៤ ដោយឆ្លងកាត់បឹងទន្លេសាប។ ចំពោះគោលដៅ គឺចាប់ផ្តើមពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ ខេត្តកំពង់ឆ្នាំង កំពង់ធំ សៀមរាប និង ខេត្តបន្ទាយមានជ័យ ។

កម្មវិធីជិះកង់ គឺជាយុទ្ធនាការផ្សព្វផ្សាយជាសាធារណៈ ដើម្បីបង្កើនការយល់ដឹងអំពីការការពារកុមារ និងការអប់រំរបស់អង្គការដៃគូពាក់ព័ន្ធ ក្នុងគោលបំណងអំពាវនាវ ដល់សិស្សានុសិស្សនៅទូទាំងតំបន់គោលដៅ ត្រៀមខ្លួនសម្រាប់ឆ្នាំសិក្សាថ្មី នាខែធ្នូ។

ក្រុមការងាររបស់កម្មវិធីជិះកង់ បានចាប់ផ្តើមបេសកម្មរបស់ខ្លួន ដោយចាកចេញពីសាលាទន្សាយ ដែលមានទីតាំងនៅសាលាបឋមសិក្សាទួលគោក មកដល់ចំណតទីមួយ ស្ថិតនៅក្នុងឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នារសៀលថ្ងៃទី១៣ វិច្ឆិកា ។ នៅទីនោះក្រុមការងារបានជួបជាមួយមន្ត្រីអាជ្ញាធរ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស បង្ហាញពីសកម្មភាព និងគោលដៅរបស់ខ្លួន និងបានចែកសៀវភៅដល់សិស្សានុសិស្សផងដែរ ។

ក្រុមជិៈកង់បានបន្តដំណើរដោយចាកចេញពីស្រុកំពង់ត្រឡាច នាព្រឹកថ្ងៃទី១៤ វិច្ឆិកា និងបានមកដល់ទីរួម ខេត្តកំពង់ឆ្នាំងនៅពេលរសៀលក្នុងថ្ងៃដដែល ។ ក្រុមជិះកង់ នឹងបន្តទៅកាន់ក្រុងស្ទឹងសែន នៃខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ជាបន្តទៀត ។

ដំណើរយុទ្ធនាការនេះ អង្គការ អេដ អេ អាកស្យុង នឹងបរិច្ចាគសៀវភៅជាង មួយពាន់ក្បាលដល់សាលាគោលដៅទាំងអស់ នៅខេត្តកំពង់ឆ្នាំង កំពង់ធំ សៀមរាប និងផ្ទះសំណាញ់មួយខ្នងដល់សាលាបឋមសិក្សាសំព័រ ដែលស្ថិតនៅស្រុកស្ទោង ខេត្តកំពង់ធំ ៕


