កំពង់ឆ្នាំង ៖ អភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១នេះ បានប្រាប់ទៅអាជ្ញាធរក្រុង ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង ឲ្យបង្កើនសកម្មភាព នៃការរៀបចំមណ្ឌលចត្តាឡីស័ក និង មណ្ឌលព្យាបាលនៅគ្រប់ទីតាំងទាំងអស់ឱ្យបានលឿនបំផុតសម្រាប់ ទទួលពលករចំណាកស្រុកមកពីក្រៅប្រទេស ។

ឯកឧត្តម អភិបាលអភិបាលខេត្តកំពង់ឆ្នាំង បានប្រាប់ទៅមន្ត្រីអាជ្ញាធរបែបនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំរបស់រាជរដ្ឋាភិបាលស្តីពីការរៀបចំមណ្ឌលចត្តាឡីស័កនិងមណ្ឌ លព្យាបាល តាមរាជធានី ខេត្ត ដើម្បីទទួលពលករខែ្មរមកពីប្រទេសថៃ ។

ឯកឧត្តម ស៊ុន សុវណ្ណារិទិ្ធ អភិបាលខេត្តកំពង់ឆ្នាំងបានមានប្រសាសន៍ទៀតថា ដើម្បីអនុវត្តឱ្យមានប្រសិទ្ធិភាពនូវសារាចរណែនាំនេះ អាជ្ញាធរក្រុងស្រុកឃុំសង្កាត់ទាំងអស់ ត្រូវរៀបចំចាប់ពីពេលនេះតទៅ តាមមណ្ឌលចត្តាឡីស័ក និង មណ្ឌលព្យាបាល ដូចជា ការរៀបចំបន្ទប់ ទីធ្លា ក្នុងបរិវេណនីមួយៗ គ្រែ ត្រូវពិនិត្យមើលអំពីតម្រូវចាំបាច់បំផុតពេលដែលពលករមកដល់ ដូចជា ប្រព័ន្ធទឹក ភ្លើង បន្ទប់ទឹក និងការផ្គត់ផ្គង់អាហារប្រចាំថ្ងៃដល់ពលករខ្មែរ ។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ទៀតថា នៅក្នុងពេលដ៏ខ្លីនេះ ពលករខ្មែរដែលទៅធ្វើការនៅប្រទេសថៃ នឹងត្រូវត្រឡប់ចូលក្នុងប្រទេស បន្ទាប់ពីមានករណីផ្ទុះជំងឺកូវីដ១៩នៅប្រទេសថៃ ដែលគេរកឃើញថា ជាវីរុសបំលែងថ្មីទៀតផង ។ ការត្រៀមរៀបចំឱ្យបានរួចជាស្រេចនេះ គឺដើម្បីគ្រប់គ្រងការចេញចូលរបស់ពលករដែលវិលចូលក្នុងមូលដ្ឋានរបស់ខ្លួន និងតាមដានឱ្យបានច្បាស់លាស់ចំពោះអាការៈរបស់ពលករទាំងនោះជាប់ជាប្រចាំ ។ ហើយអាជ្ញាធរភូមិឃុំត្រូវតែរាយការណ៍ជាប្រចាំមកខេត្តប្រសិនបើមានករណីណាមួយកើតឡើង ។

ចំពោះប្រជាពលរដ្ឋដែលកំពុងតែធ្វើចត្តឡីស័កនៅពេលបច្ចុប្បន្ននេះ ត្រូវតែបន្តធ្វើចត្តាឡីស័កនៅផ្ទះបន្តទៀត ដើម្បីត្រៀមទុកអគាមណ្ឌលចត្តាឡីស័ក ទទួលពលករចំណាកស្រុក ៕











