កំពង់ឆ្នាំង ៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត បានជម្រុញដល់អង្គភាពដែលពាក់ព័ន្ធ នឹងប្រភពចំណូល ត្រូវបង្កើនការយកចិត្តទុកដាក់ ក្នុងការប្រមូលចំណូល ឲ្យបានគ្រប់ផែនការ ។

ឯកឧត្តម អភិបាលខេត្តកំពង់ឆ្នាំង បានធ្វើការជម្រុញបែបនេះ នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារគ្រោងចំណូលថវិកាខេត្ត សម្រាប់ឆ្នាំ២០២៤នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣. ។ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បញ្ជាក់ថា ការអភិវឌ្ឍន៍ ក៏ដូចជាការលើកកម្ពស់សេដ្ឋកិច្ចសង្គមពិសេសការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ រីកចម្រើនទៅបាន គឺអាស្រ័យពឹងផ្អែកលើប្រភពចំណូលថវិការដ្ឋ ។

ជាក់ស្តែងការអភិវឌ្ឍន៍ប្រទេស និងការជម្រុញល្បឿនសេដ្ឋកិច្ចសង្គមកម្ពុជា ដែលមានការរីកចម្រើនមកដល់នឹងពេលនេះគឺ រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន តែងតែបានដាក់ចេញនូវគោលនយោបាយ និងការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងថវិកាជាតិ បានយ៉ាងមានប្រសិទ្ធភាព ។

ឯកឧត្តម អភិបាលខេត្ត បញ្ជាក់បន្ថែមថា កិច្ចប្រជុំនាពេលនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីលើកកម្ពស់ប្រសិទ្ធភាព ក្នុងការគ្រប់គ្រប់ចំណូលថវិការបស់ខេត្ត ។ ក្នុងនោះត្រូវកំណត់គោលដៅអំពីការគ្រោង ការប្រមូល ការបែងចែក ការបង់ និងការប្រើប្រាស់ចំណូលដែលបានពីកម្រៃនៃការផ្តល់សេវារដ្ឋបាល និងសេវ៉ាសាធារណៈផ្សេងៗទៀត ដែលជាប្រភពចំណូលមិនមែនសារពើពន្ធតាមរយះការប្រគល់ ឬការធ្វើប្រតិភូកម្មមុខងារពីក្រសួង ស្ថាប័ន្តនានា រដ្ឋបាលក្រុងស្រុក និងអង្គភាពច្រកចេញចូលតែមួយ ។

ការប្រមូលពន្ធនេះទៀតសោតត្រូវផ្អែកលើមូលដ្ឋានទិន្នន័យសមស្រប និងផ្អែកតាមប្រភេទ និងតម្លៃសេវ៉ា ដែលបានកំណត់ក្នុងលិខិតបទដ្ឋានគតិយុត្តជាធរមាន និងត្រូវគ្រោងចំណូល ដែលបានប៉ាន់ស្មាន នៅក្នុងគម្រោងថវិកាប្រចាឆ្នាំ ៕










