កំពង់ឆ្នាំង៖ក្រសួងអប់រំ យុវជននិងកីឡា និងក្រុមហ៊ុន Smart Axiata បានសហការគាំទ្រ រៀបចំធ្វើសិក្ខាសាលាស្តីពីអក្ខរកម្មឌីជីថល រយះពេល២ថ្ងៃ គឺថ្ងៃទី២២ .២៣ ខែតុលា ឆ្នាំ២០២២ នៅខេត្តកំពង់ឆ្នាំង ។

សិក្ខាសាលានេះធ្វើឡើង នៅវិទ្យាល័យព្រះបាទសុរាម្រឹត ដោយមានយុវជនក្នុង និង ក្រៅសាលាចំនួន ៣៦០នាក់ ចូលរួមដោយផ្ទាល់និង រៀនតាម Google Meet ។

លោក ម៉ៅ សុខ តំណាងមន្ទីរអប់រំ យុវជននិងកីឡា ខេត្តកំពង់ឆ្នាំង បានមានប្រសាន៍ថា សិក្ខាសាលា ដែលបានរៀបចំឡើងនៅពេលនេះ ជាការផ្តល់ឳកាសដល់យុវជន នូវចំណេះដឹងជាមូលដ្ឋាន ស្តីពីអក្ខកម្មឌីជីថល ដូចជាការស្វែងរកព័ត៌មានតាមអុីនធឺណែត ការបង្កើតគណនេយ្យប្រើប្រាស់ ការប្រើប្រាស់ពាក្យសម្ងាត់រឹងមាំ ការវាយតម្លៃព័ត៌មានតាមអុីធឺណែត វិធីសាស្ត្រក្នុងការជៀសវៀងនិងការពារខ្លួនពីការឆបោកតាមប្រព័ន្ធអនឡាញ ការសរសេរសាច់រឿងខ្លីៗ បច្ចេកទេសថត និង ការផលិតវីឌីអូអប់រំខ្លី ដែលអាចឲ្យពួកគេ ក្លាយជាពលរដ្ឋ ឌីជីថល ប្រកបដោយការទទួលខុសត្រូវ ។

លោក ចឹក លីម អគ្គនាយករង នៃអគ្គនាយកដ្ឋានយុវជន បានមានប្រសាសន៍បញ្ជាក់ថាដោយពិនិត្យឃើញថា ក្នុងស្ថានភាពបច្ចុប្បន្ន មានប្រជាជនវ័យក្មេងច្រើន គួបផ្សំនឹងវឌ្ឍនភាព នៃប្រព័ន្ធអុីនធឺណែត និងបច្ចេកវិទ្យាទូរគមនាគមន៍ បានធ្វើឱ្យប្រព័ន្ធទំនាក់ទំនងសង្គមក៏ដូចជាប្រព័ន្ធអនឡាញដទៃទៀត ក្លាយជាប្រព័ន្ធដ៏មានឥទ្ធិពលមួយ សម្រាប់ចូលរួមអភិវឌ្ឍយុវជន ។

លោក ចឹក លីម បញ្ជាក់ទៀតងា ដោយសារមូលហេតុទាំងនេះហើយ ទើបនាយកដ្ឋានគ្រប់គ្រងមជ្ឈមណ្ឌលនៃអគ្គនាយកដ្ឋានយុវជន បានរៀបចំសិក្ខាសាលានេះឡើងសម្រាប់ផ្សព្វផ្សាយពីគុណប្រយោជន៍ និង ផលវិបាកនៃការប្រើប្រាស់ ប្រព័ន្ធអនឡាញដល់យុវជនក្នុង និង ក្រៅសាលា ដើម្បីទាញជាប្រយោជន៍ និងចេះការពារខ្លួនឱ្យរួចផុត ពីការឆបោកផ្សេងៗ ។

សិក្ខាសាលានេះក៏បានជួយចូលរួមចំណែកក្នុងការសម្រេចទិសដៅវិស័យ អប់រំ ឆ្នាំ២០៣០ និង ក្របខ័ណ្ឌ សម្រាប់សកម្មភាព ឆ្ពោះទៅរកការ អប់រំមានគុណភាព ប្រកបដោយបរិយាប័ន្ន សមធម៌ និង ការសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា ៕