សង្រ្កាន្ត​​កំ​ពង់​ឆ្នាំង​ នឹង​រៀប​ចំ​រយៈពេល​៣ថ្ងៃ ដោយ​កម្ម​វិធីកម្សាន្ត​​និង​ល្បែង​​ប្រ​ជា​ប្រិយ​ជា​ច្រើ​ន​

  • កំពង់ឆ្នាំង ៖ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក៏ដូចជាការបង្ករលក្ខណៈអោយប្រជាពលរដ្ឋ បានចូលរួមកម្សាន្តសប្បាយ អាជ្ញាធរខេត្តកំពង់ឆ្នាំង បានរៀបចំព្រឹត្តការណ៍សង្រ្កាន្តអបអរឆ្នាំថ្មី រយៈពេល០៣ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី១៤, ១៥ និង១៦ ខែមេសា ឆ្នាំ២០២២ នៅ២ទីតាំងផ្សេងគ្នា។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ស្រ៊ន សំឫទ្ធី អភិបាលរងខេត្តកំពង់ឆ្នាំង ។

    ឯកឧត្តម ស្រ៊ន សំឫទ្ធី បានបន្តថាទីតាំងទាំង២នោះ រួមមានទីតាំងទី១ នៅសួនសម្តេចចៅហ្វាវាំង គង់សំអុល ក្នុងក្រុងកំពង់ឆ្នាំង និង ទីតាំងទី២ នៅសួនឈ្វាំងសែនជ័យ ក្នុងស្រុករលាប្អៀរ ។ឯកឧត្តម ស្រ៊ន សំឫទ្ធី បានបន្តទៀតថា កម្មវិធីសង្រ្កាន្តអបអរឆ្នាំថ្មីក្នុងខេត្តកំពង់ឆ្នាំងឆ្នាំនេះ មានរៀបចំកម្មវិធីកម្សាន្តសប្បាយជាច្រើន រួមមាន ទាញព្រ័ត្រ បោះអង្គញ់ វាយក្អម ចោលឈូង លាក់កន្សែង ចាប់កូនខ្លែង ដណ្ដើមស្លឹកឈើ និង ការលេងល្បែងប្រជាប្រិយប្រពៃណីជាតិផ្សេងទៀតការតាំងបង្ហាញគំនូរសិល្បៈ ការប្រគំតន្ត្រី និង រាំកម្សាន្តជាដើម ។

    គួរបញ្ជាក់ថា ដោយសារការឆ្លងរាលដាលជំងឺកូវីដ១ឭ៩ ខេត្តកំពង់ឆ្នាំងបានខកខានរៀបចុះព្រឹត្តការណ៍សង្រ្កាន្តចំនួន២ឆ្នាំជាប់គ្នាគឺនៅឆ្នាំ២០២០ និងឆ្នាំ២០២១។ សម្រាប់ឆ្នាំនេះការរៀបចំសង្រ្កាន្តក្នុងខេត្តកំពង់ឆ្នាំង ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំនេះ ធ្វើឡើងរយៈពេល ០៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ១៥ និង ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង