កំពង់ឆ្នាំង ៖នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ នេះកម្លាំងខណ្ឌរដ្ឋបាលជលផល កំពង់ឆ្នាំង បានសហការជាមួយកម្លាំងផ្នែករដ្ឋបាលជលផលផ្សារឆ្នាំង សង្កាត់រដ្ឋបាលជលផល បរិបូរណ៍ និងកម្លាំងអធិការដ្ឋាបរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប ចុះបង្ក្រាបបទល្មើសដឹកជញ្ជូនលៀស គ្មានច្បាប់អនុញ្ញត្ត នៅចំណុចជើងកំពង់ឆ្នុកទ្រូ ក្នុងស្រុកបរបូរណ៍ ខេត្តកំពង់ឆ្នាំង ។

លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា នៅក្នុងប្រតិបត្តិការណ៍កម្លាំងជំនាញជលផលសម្រេចដកហូតកាណូត១គ្រឿង ដែលមានបំពាក់ម៉ាស៊ីនកម្លាំង២៥សេះរថយន្តកាមរីកែឆ្នៃ១គ្រឿង និងលៀសចំនួន១៣០ ការ៉ុង ស្មើនឹង៥តោន ដើម្បីចាត់ការទៅតាមច្បាប់ ស្តីពីជលផល ។

លោក លី ឡា បានឲ្យដឹងទៀតថា នៅក្នុងថ្ងៃដដែលនេះដែរកម្លាំងសង្កាតរដ្ឋបាលជលផលកំពង់ត្រឡាច សហការជាមួយកម្លាំងសហគមន៍នេសាទព្រែកគន្លង និងកំពង់ក្តា បានចុះរុះរើ និងបំផ្លាញចោលនៅនឹងកន្លែង របាំងស្បៃមុងចំនួន៧កន្លែង ប្រវែង២៨០ម៉ែត្រ លូស្បៃមុង៧គ្រឿងបង្គោល៩០ដើម និងចាក់លែងត្រីល្អិតៗចម្រុះ ចំនួន៣០ គីឡូក្រាមទៅក្នុងដែនទឹកធម្មជាតិវិញ ។

លោក លី ឡា បញ្ជាក់ថា ការបង្ក្រាបនេះធ្វើឡើងនៅត្រង់ចំណុចភូមិខ្លាគ្រហឹម បែកចាន និងក្អែកពង ៕










