បទ​ល្មើស​នេ​សាទ​នៅ​ក្នុង​ខេត្ត​កំពង់​ឆ្នាំង​ មាន​ការ​ថយ​ចុះ​បន្ទាប់​សមត្ថកិច្ច​ចុះ​បង្ក្រាប​រាល់​ថ្ងៃ​

  • កំពង់ឆ្នាំង ៖ បទល្មើសនេសាទ បានចាប់ផ្តើមថយចុះច្រើន បើប្រៀបធៀមទៅនឹងពេលមុន បន្ទាប់ពីមន្ត្រីជំនាញ និង កម្លាំងសមត្ថកិច្ច ចុះបង្ក្រាបរាល់ថ្ងៃ ។ នេះបើតាមការបញ្ជក់របស់លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ ។

    លោកប្រធានមន្ទីរបានឲ្យដឹងថា បទល្មើសនេសាទដែលធ្វើសកម្មភាពកន្លងទៅ មានការដាក់សម្រាស់ ហុំចាប់ត្រី របាំងសាច់អួន និង ឆក់ ប៉ុន្តែនៅក្នុងរយះពេលប៉ុន្មានថ្ងៃចុងក្រោយនេះសកម្មភាពបទល្មើសមានការថយចុះច្រើន ក្រោយពីមន្ត្រីជំនាញសហការជាមួយកម្លាំងសមត្ថកិច្ច ចុះបង្ក្រាបរាល់ថ្ងៃ និងចាប់បានជនប្រពឹត្តមួយចំនួន យកមកផ្តន្ទាទោសតាមនិតិវិធីច្បាប់ផងដែរ ។

    លោក ងិន ហ៊ុន បានឲ្យដឹងទៀតថានៅក្នុងសប្តាហ៍ទីមួយដើមខែមេសានេះកម្លាំងចម្រុះបានចុះបង្ក្រាបនិង សម្រេចរុះរើបំផ្លាញចោល នៅនឹងកន្លែងមានរបាំងសាច់អួនចំនួន៣កន្លែង ប្រវែង១២០ម៉ែត្រ បង្គោល ៦០ដើម លូសាច់អួនចំនួន៣មាត់ និង ចាក់លែងត្រីចម្រុះទៅក្នុងដែនទឹកធម្មជាតិវិញចំនួន២០គីឡូក្រាម ។ របាំងស្បៃមុងចំនួន១៥កន្លែង ប្រវែង៣០០ម៉ែត្រ លូ១៥មាត់ និង បង្គោល ចំនួន២៥០ដើម ។

    សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញបទបញ្ជាដាច់ណាត់ឱ្យអាជ្ញាធរ និងកម្លាំងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ជាពិសេស អភិបាលខេត្ត ជុំវិញបឹងទន្លេសាប រួមទាំងកម្លាំងនគរបាល មន្ត្រីរដ្ឋបាលជលផល រួមគ្នាបង្ក្រាប និង លុបបំបាត់បទល្មើសនេសាទទាំងអស់នៅលើផ្ទៃបឹងទន្លេសាប ក្រោយពីសកម្មភាពនេសាទខុសច្បាប់ននិងការកាប់ទន្ទ្រានដីព្រៃលិចទឹកនៅបន្តកើតមាន ។

    បទបញ្ជាសារជាថ្មីរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងពិធីបិទសន្និបាតបូកសរុបការងារ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និង នេសាទ នៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង