កំពង់ឆ្នាំង៖ឯកឧត្តម សួង ណយ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានចលនាភូមិ១ ផលិតផល១ បានស្នើឲ្យមន្ត្រីអាជ្ញាធរនិងអង្គភាពដែលពាក់ព័ន្ធ ជួយជម្រុញដល់ប្រជាពលរដ្ឋត្រូវផលិតនូវផលិតផលរបស់ខ្លូន ឲ្យមានគុណភាព និងតម្រូវការទីផ្សារ ។

ឯកឧត្តម អគ្គលេខាធិការរង បានថ្លែងបែបនេះនៅក្នុងវេទិការផ្គូរផ្គងរវាងអ្នកផលិត និងអ្នកទិញព្រមទាំងការដាក់តាំងបង្ហាញផលិតផលក្នុងស្រុក នៅខេត្តកំពង់ឆ្នាំង នាថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ។

ឯកឧត្តម សួង ណយ បានថ្លែងថា វេទិការនេះធ្វើឡើងក្នុងគោលបំណងផ្តល់ឳកាស ដល់អ្នកផលិត និងអ្នកទីញបានជួបពិភាក្សាគ្នា អំពីតម្រូវការទីផ្សារជាក់ស្តែង និងធ្វើបទបង្ហាញពីផលិតផល និងការរកទីផ្សារក្នុងស្រុក ដើម្បីឈានទៅរកការចងក្រងផលិតករ សេវាករ និងសិប្បករ នៅតាមមូលដ្ឋាន ឲ្យចូលជាសមាជិកចលនាភូមិ១ ផលិតផល១ បានទូលំទូលាយ ។ ឯកឧត្តម បន្តថា កន្លងមកអ្នកផលិតតែងតែលើកឡើងអំពីផលិតផលដែលធ្វើបានគ្មានទីផ្សារ ចំណែកឯអ្នកទិញក៏បានលើកឡើងដែរថា គ្មានផលិតផលសម្រាប់ទិញ និងផលិតផលមិនត្រូវតាមស្តង់ដារ ។ ដូចនេះ អ្នកផលិត និងអ្នកទិញ ត្រូវសហការគ្នាដោយឈរលើគោលការណ៍ គុណភាព អនាម័យ ទៅតាមស្តង់ដារ និងរក្សាតម្លៃទីផ្សារផងដែរ ។

លោក ស្រ៊ន សំឬទ្ធី អភិបាលរងខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា ផលិតផលសក្តានុពល របស់ខេត្តបច្ចុប្បន្នរួមមាន ស្ករត្នោត ចង្ក្រានប្រណិត កុលាលភាជន៍ ខ្ទឹមស្លឹក កន្ទេលកក់ តម្បាញ ត្រីឆ្អើ និងផលិតផលធ្វើពីឬស្សី ៕













