កំពង់ឆ្នាំង ៖ ករណីត្រីចិញ្ចឹមតាមបែនៅខេត្តកំពង់ឆ្នាំងបានងាប់រាប់រយតោនកន្លងមកនេះ រកមូលហេតុឃើញហើយដោយមន្ត្រីជំនាញអះអាងថាបណ្តាលមកពីទីតាំងដាក់ចិញ្ចឹមត្រីទាំងនោះខ្វះអុកស៊ីសែនក្នុងទឹក ។

លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា មកដល់នឹងព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣នេះ ត្រីនៅតែបន្តងាប់ ប៉ុន្តែមិនច្រើននោះទេ។ហើយចំពោះមូលហេតុដែលបណ្តាលឲ្យត្រីចិញ្ចឹមងាប់យ៉ាងច្រើនបែបនេះដោយសារខ្វះអុកស៊ីសែនក្នុងទឹក ។

លោក លី ឡា បានឲ្យដឹងទៀតថា កាលពីថ្ងៃទី៦ មេសា ២០២៣ ក្រុមការងារខណ្ឌរដ្ឋបាលជលផល បានសហការជាមួយមន្រ្តីការរិយាល័យគ្រប់គ្រងជំងឺ និងសុខភាពវារីសត្វ នៃនាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្ម បានចុះពិនិត្យទីតាំងត្រីងាប់នៅភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ហើយបានយកសំណាកទឹកមកវិភាគ និងធ្វើការសាកសួរពាក់ព័ន្ធនឹងបញ្ហាផ្សេងៗ ដែលបណ្តាលឲ្យត្រីងាប់នៅចំណុចខាងលើ ។

លោកបញ្ជាក់ថា ក្រុមការងារបានចុះសិក្សាស្រាវជ្រាវ នៅទីតាំងចិញ្ចឹមត្រីចំនួន៣កន្លែងហើយលទ្ធផលបឋមបានបង្ហាញថា កម្រិតអុកសុីសែននៅក្នុងទឹកចិញ្ចឹមត្រី មានចំនួន១,២ មីលីក្រាម ក្នុង១លីត្រទឹក ។ បរិមាណនេះមានកម្រិតទាបបំផុតសម្រាប់ត្រីមានស្រការ ដូចជា ត្រីគ្រុំ ត្រីឆ្ពិន ត្រីព្រួល ត្រីព្រលូង និងត្រីអត់ស្រការ ដែលមិនមានប្រព័ន្ធដកដង្ហើមរងដូចជាត្រីក្រព័ទ្ធ និងត្រីខ្យា ជាដើម ។ សម្រាប់ត្រីប្រានិងត្រីពោ មិនមានងាប់នោះទេ ដោយសារ ត្រីប្រានិងត្រីពោ ធន់ទៅនឹងកម្រិតអុកស៊ីសែនទាប ពីព្រោះពួកវាមានប្រព័ន្ធដកដង្ហើមរង។

លោក លីឡា នាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង បានឲ្យដឹងបន្ថែមទៀតថា ត្រីបានចាប់ផ្តើមងាប់តាំងពីថ្ងៃទី១ ដែលរហូតមកដល់នឹងពេលនេះ មានចំនួន១៦០បែ ក្នុងនោះ ត្រីខ្សាងាប់ចំនួន៩០បែ ស្មើនឹង២៧០តោន ត្រីឆ្តោងាប់ចំនួន២៥បែ ស្មើនឹង២៥តោន ត្រីចម្រុះបានងាប់ចំនួន៤៥បែ ស្មើនឹង៦៧តោន ៕

