កំពង់ឆ្នាំង ៖ លោកជំទាវ ប៊ន សុភី អភិបាលរង ខេត្តកំពង់ឆ្នាំង តំណាង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១នេះ បានអញ្ចើញទទួលផ្លែមៀនចំនួន៥តោន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈ ឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការ រង នៃកងយោធពលខេមរភូមិន្ទនិង ជាមេបញ្ជាការ នៃបញ្ជាការដ្ឋានអង្គរក្ស ដេីម្បីចាត់ចែងផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋនៅតាមមណ្ឌលចត្តាឡីស័ក អ្នកជំងឺកូវីដ ១៩ និង មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងខេត្តកំពង់ឆ្នាំង ។
លោកឧត្តមសេនីយទោរ ឡេង ហុង តំណាងឯកឧត្តម នាយឧត្តមនេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ក្នុងឱកាសនាំយកផ្លែមៀន មកប្រគល់ជូនដល់រដ្ឋបាលខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ថា ការប្រគល់ផ្លែមៀនដល់រដ្ឋបាលខេត្តកំពង់ឆ្នាំង នាពេលនេះ គឺស្របតាមការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ ដែលបានបញ្ជាឱ្យឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ចុះប្រមូលទិញផ្លែមៀនរបស់កសិករ នៅតាមបណ្ដាខេត្តជាប់ព្រំដែន កម្ពុជា-ថៃ ដែលជួបបញ្ហានាំចេញទៅក្រៅប្រទេស ដើម្បីចូលរួមដោះស្រាយ ជូនប្រជាកសិករ ដែលកំពុងជួបបញ្ហាទីផ្សារ ក្នុងទិសស្លោកដែលមិនអាចបំភ្លេចបានគឺ «ខ្មែរជួយខ្មែរក្នុងគ្រាលំបាក»។
លោកជំទាវ ប៊ន សុភី អភិបាលរងខេត្ត តំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាល ខេត្តកំពង់ឆ្នាំង បានគោរពថ្លែងអំណរគុណ ដ៏ជ្រាលជ្រៅនូវទឹកចិត្តមហាថ្លៃថ្លា របស់សម្ដេចតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានឧបត្ថម្ភមៀន និង ផ្លែតាង៉ែន ដល់រដ្ឋបាលខេត្តកំពង់ឆ្នាំង សម្រាប់ចែនជូនក្រុមការងារជួរមុខ ដែលកំពុងបំពេញការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និង បងប្អូនប្រជាពលរដ្ឋ ដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩ និង ធ្វើចត្តាឡីឋ័ក នៅតាមមណ្ឌលនានា ។
សូមរំលឹកថា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង ប្រមូលទិញផ្លែមៀន របស់កសិករនៅតាមបណ្ដាខេត្ត ជាប់ព្រំដែន កម្ពុជា-ថៃ ដែលជួបប្រទះនូវបញ្ហា ក្នុងការនាំចេញទៅលក់នៅក្រៅប្រទេស ដោយសារការឆ្លងរីករាល ដាលជំងឺកូវី១៩។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ផ្លែមៀនដែលសម្តេចប្រមូលទិញ ពីកសិករដាំដុះនៅតាមខេត្តជាប់ព្រំដែន ថៃ នឹងយកទៅចែកជូនកងទ័ព នគរបាល អាវុធហត្ថ គ្រូពេទ្យ អ្នកជំងឺ និងប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក៕ និវឌ្ឍន៍













