កំពង់ឆ្នាំង៖ក្រោយពីឈប់សម្រាកពិធីបុណ្យភ្ជុំបិណ្ឌ កម្មករ កម្មការនី សិស្សនិសិត្យនិងប្រជាពលរដ្ឋ បានធ្វើដំណើរចេញពីស្រុកកំណើត នៅខេត្តកំពង់ឆ្នាំង ត្រឡប់ទៅកាន់រាជធានីភ្នំពេញវិញ ដោយជិះរថយន្តក្រុងមិនគិតថ្លៃ របស់សាលារាជធានីភ្នំពេញ ។

នៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤នេះ គេសង្កេតឃើញមានប្រជាពលរដ្ឋ ជាច្រើនបាននាំគ្នាមកជិះរថយន្តក្រុង នៅចំណតរថយន្តផ្សារលើ ក្នុងក្រុងកំពង់ឆ្នាំង ។ នាព្រឹកនោះឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្តលោក យុិន សាវ៉េន អភិបាលរងខេត្ត និងលោកឆាយ លាភា ប្រធានមន្ទីរសាធារណការនិង ដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានអញ្ជើញជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ កម្មករ កម្មការនី សិស្សនិសិត្យដែលត្រៀមចេញដំណើរទៅកាន់រាជធានីភ្នំពេញ។

លោក ឆាយ លាភា ប្រធានមន្ទីរសារធារណការ និងដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា រថយន្តក្រុងរបស់រដ្ឋបាលរាជធានីភ្នំពេញសម្រាប់ដឹកប្រជាពលរដ្ឋមកកាន់ខេត្តកំពង់ឆ្នាំង ដោយមិនគិតថ្លៃ មានចំនួន១០គ្រឿង ។ នៅឆ្នាំនេះអ្នកជិះរថយន្តក្រុងមានចំនួនច្រើនជាងឆ្នាំមុន ខណៈដែលអ្នកជិះមានចំនួនកើនឡើងនេះ រាល់ការបើកបរ គឺមានការណែនាំពីអ្នកគ្រប់គ្រងតម្រូវឲ្យធ្វើយ៉ាងណា រក្សាសុវត្តិភាព និងភាពងាយស្រួលដល់ប្រជាពលរដ្ឋ ពេលឡើងជិះរថយន្ត ពេលធ្វើដំណើរតាមផ្លូវ និងពេលចុះពីលើរថយន្ត ។

ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍បញ្ជាក់ថា ការរៀបចំឲ្យមានរថយន្តក្រុងដឹកប្រជាពលរដ្ឋដោយមិនគិតថ្លៃនេះ បង្ហាញពីការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាល ដើម្បីបង្កលក្ខណៈងាយស្រួល និងកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋទៅលើសេវ៉ាថ្លៃធ្វើដំណើរផងដែរ ។

ប្រជាពលរដ្ឋបានលើកឡើងថា ពួកគាត់មានការសប្បាយរីករាយយ៉ាងខ្លាំង ក្នុងការមកលេងស្រុកកំណើត នាឳកាសបុណ្យភ្ជុំបិណ្ឌនេះ ដោយសាររាជរដ្ឋាភិបាល បានលើកទឹកចិត្តផ្តល់សេវ៉ារថយន្តក្រុងជិះដោយឥតគិតថ្លៃ ។ ដែលសេវ៉ាជិះរថយន្តក្រុងដោយឥតគិតថ្លៃនេះ បានជួយសម្រួលច្រើនដល់សិស្សនិសិត្យ កម្មករ កម្មការនី និងប្រជាពលរដ្ឋទួទៅ អាចធ្វើដំណើមកជួបជុំក្រុមគ្រួសារដោយសុវត្តិភាព ចំណេញពេលវេលា និងមិនចំណាយថវិកា ៕


