សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) បានចុះពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃក្នុងខេត្តកណ្ដាល កាលពីព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០។ ការចុះពិនិត្យនិងព្យាបាលជំងឺដោយឥតគិតថ្លៃនេះ បានធ្វើឡើងនៅក្នុងបរិវេណសាលាបឋមសិក្សា ជា ស៊ីម អង្គរជ័យ ស្ថិតភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រុកគៀនស្វាយ ។
អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ លោកជំទាវ ពេជ ចន្ទមុន្នី បានមានប្រសាសន៍ថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត បានយកចិត្តទុកដាក់ ចំពោះសុខទុក្ខ និងសុខមាលភាពរបស់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង។ សម្តេចទាំងពីរបានឲ្យសមាគម ចុះផ្តល់សេវាពិនិត្យនិងព្យាបាលជូនប្រជាពលរដ្ឋដល់មូលដ្ឋានតែម្តង។
ជាមួយគ្នានោះ ឯកឧត្តម គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកៀនស្វាយ ក៏បានបានថ្លែង អំណរ គុណសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ដែលបានយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងសុខភាពរបស់ប្រជាពលរដ្ឋតាមរយៈការចុះពិនិត្យ និងព្យាបាលប្រជាពលរដ្ឋនៅមូលដ្ឋាន និងបាន បញ្ជូនករណីធ្ងន់ធ្ងរទៅព្យាបាលបន្តនៅរាជធានីភ្នំពេញបន្ថែមទៀត។
គួរបញ្ជាក់ថា នេះគឺជាលើកទី៦ហើយ ដែលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) បានចុះពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅក្នុងខេត្តកណ្តាល។ ជាមួយគ្នានោះ ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនេះ មានការចូលរួមពីសំណាក់ កម្លាំងស្ម័គ្រចិត្ត នៃក្រុមការងារសមាគម TYDA ក្រុមការងារចុះជួយស្រុកកៀនស្វាយ អាជ្ញាធរ សប្បុរសជន យុវជន ផ្នែកដែលពាក់ព័ន្ធនានាផងដែរ។